A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 19 November 2012

Cambodian villagers accused Vietnam of planting border posts inside Cambodian territory ពលរដ្ឋ​រស់​នៅ​ជាប់​ព្រំដែន​ចោទ​វៀតណាម​ថា​បោះបង្គោល​ព្រំដែន​តាម​អំពើ​ចិត្ត

Cambodian villagers accused Vietnam of planting border posts inside Cambodian territory.

ដោយ ដែន អយុធ្យា 2012-11-19 RFA
ប្រជាពលរដ្ឋ​មាន​លំនៅឋាន​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម បាន​ចោទ​ភាគី​វៀតណាម ថា​បាន​បោះ​បង្គោល និង​តម្រុយ​ព្រំដែន​តាម​អំពើ​ចិត្ត ដោយ​ភាគី​កម្ពុជា មិន​បាន​ចូល​រួម និង​គ្មាន​សិទ្ធិ​តវ៉ា​ទេ។

RFA/Den Ayuthea
១៦-វិច្ឆិកា-២០១២៖ តម្រុយ​ព្រំដែន និង​បង្គោល​ព្រំដែន​លេខ​១១៦ ដែល​បាន​បោះ​រួច​នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ស្វាយរៀង។ Border stake planted in Tropeang Plong commune, Ponhea Krek district in Svay Rieng province.
ប៉ុន្តែ​ការ​ចោទ​នេះ ត្រូវ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​បោះ​បង្គោល​ ព្រំដែន តែង​បាន​ច្រាន​ចោល និង​អះអាង​ថា រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះ​បញ្ហា​បោះ​បង្គោល​ព្រំដែន​ នេះ។
ប្រជាពលរដ្ឋ​ភាគ​ច្រើន​មាន​លំនៅឋាន​ជាប់​តាម​បន្ទាត់​ព្រំដែន​ កម្ពុជា-វៀតណាម បាន​អះអាង​ថា សកម្មភាព​បោះ​បង្គោល និង​តម្រុយ​កំណត់​ព្រំដែន​គោក​ប្រទេស​ទាំង​ពីរ គឺ​ភាគី​កម្ពុជា គ្មាន​សិទ្ធិ​សម្រេច និង​អនុវត្ត​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​ភាគី​វៀតណាម។
បុរស​វ័យ​ជាង ៥០​ប្លាយ​ឆ្នាំ ឈ្មោះ នាង ទៀន រស់នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម លោក​បាន​ឲ្យ​ដឹង​ថា ដី​ចម្ការ​គាត់​ចំនួន ៧​ហិកតារ​ត្រូវ​បាត់​បង់​ដោយ​សារ​សកម្មភាព​បោះ​កំណត់​ព្រំដែន​គោក​ កម្ពុជា-វៀតណាម។ លោក​អះអាង​ថា សកម្មភាព​បោះ​កំណត់​ព្រំដែន​គោក​នៅ​ក្នុង​មូលដ្ឋាន​លោក​កន្លង​មក មិន​ឃើញ​មាន​ភាគី​កម្ពុជា ចូល​រួម​ទេ គឺ​ឃើញ​មាន​តែ​ភាគី​វៀតណាម ទេ។
លោក នាង ទៀន បន្ត​ថា សកម្មភាព​បោះ​កំណត់​បង្គោល​ព្រំដែន​នៅ​ឃុំ​ត្រពាំងផ្លុង ឃើញ​មាន​តែ​ភាគី​វៀតណាម ទេ ដែល​បាន​យក​តម្រុយ ឬ​ក៏​បង្គោល​កំណត់​ព្រំដែន​ទៅ​បោះ​លើ​ទីតាំង​ដែល​ពួក​គេ​ចង់​បាន ដោយ​ភាគី​ខ្មែរ មិន​បាន​ចូល​រួម ឬ​មិន​ហ៊ាន​ចេញ​មុខ​ជំទាស់​ទេ។
ពលរដ្ឋ​ឲ្យ​ដឹង​ថា ការ​បោះ​កំណត់​ព្រំដែន ឬ​តម្រុយ​ព្រំដែន​នៅ​ឃុំ​ត្រពាំងផ្លុង ភាគី​វៀតណាម បាន​យក​បង្គោល ឬ​តម្រុយ​ទៅ​បោះ​ចូល​មក​ក្នុង​ដីចម្ការ​ដំឡូង​ដែល​ពលរដ្ឋ​កំពុង​បង្ក​បង្កើន ​ផល​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​មន្ត្រី​ខ្មែរ​មិន​បាន​ជួយ​អើពើ​ទេ ទោះ​បី​ពលរដ្ឋ​ស្នើសុំ​កិច្ច​អន្តរាគមន៍​បែប​ណា​ក្ដី។
បុរស​វ័យ​ចំណាស់​ម្នាក់​ទៀត​ឈ្មោះ ក្រួច ប៉េង រស់នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម នេះ​ដែរ ក៏​បាន​ឲ្យ​ដឹង​ថា គ្រួសារ​គាត់​បាន​បាត់​បង់​ដី​ចម្ការ​ចំនួន ២​ហិកតារ​ទៅ​ឲ្យ​ប្រទេស​វៀតណាម ដោយ​សារ​សកម្មភាព​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​របស់​រដ្ឋាភិបាល។ លោក​អះអាង​ថា បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម ដែល​បាន​បោះ​ក្នុង​មូលដ្ឋាន​លោក គឺ​ភាគី​វៀតណាម ជា​អ្នក​យក​តម្រុយ ឬ​បង្គោល​នៅ​លើ​ទីតាំង​ដែល​ពួក​គេ​ចង់​បាន ហើយ​មិន​ឃើញ​ភាគី​កម្ពុជា ចូល​រួម​ទេ។
កសិករ​រូប​នេះ​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​បោះ​កំណត់​ព្រំដែន​គោក​របស់​ រដ្ឋាភិបាល​នាំ​ឲ្យ​ប្រទេស​កម្ពុជា បាត់​បង់​ទឹកដី​ថែម​ទៀត​នា​ថ្ងៃ​អនាគត បើ​សិន​ជា​មន្ត្រី​កិច្ចការ​ព្រំដែន​កម្ពុជា មិន​ហ៊ាន​ចេញ​មុខ​តវ៉ា​ជាមួយ​ភាគី​វៀតណាម នោះ។
ក្រុម​ប្រជាពលរដ្ឋ​ច្រើន​ទៀត រស់នៅ​តាម​ព្រំដែន​ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ក៏​សោកស្ដាយ​ដីធ្លី​កសិកម្ម​របស់​ដូនតា​បន្សល់​ទុក ដែល​ត្រូវ​ប្រទេស​វៀតណាម រំលោភ​យក ដោយ​សារ​ផែនការ​បោះ​កំណត់​ព្រំដែន​គោក​ប្រទេស​ទាំង​ពីរ។
ពលរដ្ឋ​ខេត្ត​កំពង់ចាម ព្រួយ​បារម្ភ​ថា ថ្ងៃ​អនាគត ដី​កសិកម្ម​របស់​ពួក​គាត់​នឹង​អាច​បាត់​បង់​បន្ត​ទៀត ដោយ​សារ​ការ​លួច​រំកិល​បង្គោល​ព្រំដែន​ណា​មួយ​កើត​ឡើង ហើយ​មន្ត្រី​ព្រំដែន​រដ្ឋាភិបាល​មិន​ហ៊ាន​តវ៉ា​នោះ។
លោក គង់ ចន្ថា ជា​ជំទប់​ទី១ ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម មក​ពី​គណបក្ស សម រង្សី លោក​ទទួល​ស្គាល់​ថា សកម្មភាព​បោះ​កំណត់​ព្រំដែន​គោក​កម្ពុជា-វៀតណាម ពិត​ជា​នាំ​ឲ្យ​បាត់​បង់​ដី​កសិកម្ម​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ពិត​មែន។ លោក​ថា ទំហំ​នៃ​ការ​បាត់​បង់​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​លោក​មាន​ រូបភាព​ធ្ងន់ធ្ងរ ហើយ​ថា ពលរដ្ឋ​ឃុំ​ត្រពាំងផ្លុង បារម្ភ​ខ្លាច​បាត់​បង់​ដី​បង្ក​បង្កើន​ផល​បន្ត​ទៀត​នា​ថ្ងៃ​អនាគត ព្រោះ​មន្ត្រី​រដ្ឋាភិបាល​ហាក់​មិន​ហ៊ាន​តវ៉ា​ជាមួយ​ភាគី​វៀតណាម ទេ ចំពោះ​សកម្មភាព​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​នេះ។
ទោះ​យ៉ាង​ណា លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ធ្លាប់​បាន​បដិសេធន៍​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា​សកម្មភាព​បោះ​កំណត់​ បង្គោល​ព្រំដែន ឬ​តម្រុយ​ព្រំដែន​កម្ពុជា-វៀតណាម រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​ភាគី​វៀតណាម នោះ។ លោក​ថា ភាគី​កម្ពុជា មិន​មែន​ចេះ​តែ​ឯកភាព​ទៅ​តាម​ការ​ចង់​បាន​របស់​ភាគី​វៀតណាម ដូច​ការ​ចោទ​ប្រកាន់​ទេ គឺ​អ្នក​ឯកទេស​ជំនាញ​ភាគី​កម្ពុជា បាន​ពិនិត្យ​ចំពោះ​បញ្ហា​បោះ​កំណត់​បង្គោល​ព្រំដែន​ប្រទេស​ទាំង​ពីរ ដោយ​យក​ចិត្ត​ទុក​ដាក់ និង​មិន​ធ្វេសប្រហែស​នោះ​ទេ។
យ៉ាង​ណា​ក៏ដោយ លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​ព្រំដែន​កម្ពុជា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ចំពោះ​សកម្មភាព​បោះ​កំណត់​ព្រំដែន​គោក​ ជាមួយ​វៀតណាម ជា​ថ្មី​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ថា ការ​បោះ​កំណត់​ព្រំដែន​នេះ​ត្រូវ​ឲ្យ​មាន​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ​ចូល​រួម​អង្កេត។
សកម្មភាព​បោះ​កំណត់​តម្រុយ ឬ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម ពលរដ្ឋ​អះអាង​ថា មិន​មែន​រំលោភ​ចូល​តែ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ចាម ទេ គឺ​មាន​ខេត្ត​មួយ​ចំនួន​ទៀត​ក៏​បាន​រំលោភ​ចូល​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ ធ្លាប់​បង្ក​បង្កើន​ផល​នេះ​ដែរ។ ខេត្ត​ទាំង​នោះ​មាន​ដូច​ជា ខេត្ត​តាកែវ ព្រៃវែង និង​ខេត្ត​ស្វាយរៀង ជាដើម។
បង្គោល​កំណត់​ព្រំដែន​គោក​កម្ពុជា-វៀតណាម សរុប​មាន​ចំនួន ៣៧៥​បង្គោល។ ដើម​ឡើយ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បាន​បញ្ជាក់​ថា រដ្ឋាភិបាល​គ្រោង​នឹង​បោះ​ឲ្យ​រួច​ជាស្ថាពរ​នៅ​ត្រឹម​ឆ្នាំ​២០១២ ប៉ុន្តែ​ពេល​នេះ លោក​ថា ទំនង​ជា​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​២០១៣ ដោយ​សារ​មន្ត្រី​ជំនាញ​ត្រូវ​ការ​ពេលវេលា​ពិនិត្យ​បញ្ហា​នេះ​ឲ្យ​បាន​ ត្រឹមត្រូវ៕

2 comments:

Anonymous said...

Vietnam/Yuon is a thief nation!!!

Anonymous said...

Why only the villagers complaining about the border encroachment, why, why? The Cambodian government has no sense of what they should do to keep VN from invading and stealing our lands, why?