A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 27 November 2012

Civil society said Cambodia has political prisoners [even when Hun Sen said Cambodia has no political prisoners] សង្គម​ស៊ីវិល​ថា​កម្ពុជា​មាន​អ្នក​ទោស​នយោបាយ

Civil society said Cambodia has political prisoners even when Hun Sen said Cambodia has no political prisoners.

ដោយ កែវ និមល 2012-11-27 RFA

ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) លោក ហ៊ុន សែន បាន​លើក​ឡើង​ថា នៅ​ប្រទេស​កម្ពុជា គ្មាន​អ្នក​ទោស​នយោបាយ​ទេ ប៉ុន្តែ​មាន​អ្នក​នយោបាយ​ជាប់​ទោស​ព្រហ្មទណ្ឌ។

RFA/Tep Soravy
លោក ម៉ម សូណង់ដូ ចេញ​ពី​បន្ទប់​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ត្រូវ​មន្ត្រី​ពន្ធនាគារ​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២។
ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​មន្ត្រី​សិទ្ធិ​មនុស្ស និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ជំទាស់​ថា មិន​ពិត។
អ្នក​ដឹកនាំ​អង្គការ​សិទ្ធិ​មនុស្ស និង​អ្នក​ច្បាប់​នៅ​កម្ពុជា បាន​និយាយ​ថា នៅ​ប្រទេស​កម្ពុជា មាន​អ្នក​ទោស​នយោបាយ ជា​ពិសេស​គឺ​លោក ម៉ម សូណង់ដូ ជា​អ្នក​ទោស​នយោបាយ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ ជា​អ្នក​តាម​ដាន​នយោបាយ​នៅ​កម្ពុជា និង​ជា​វិភាគ​ឯករាជ្យ មាន​ប្រសាសន៍​ថា អ្នក​មាន​ទោស​ណា​ដែល​ត្រូវ​ចៅក្រម​តុលាការ​ផ្ដន្ទាទោស ដោយសារ​ធ្វើ​សកម្មភាព​នយោបាយ ទាមទារ​សិទ្ធិ​សេរីភាព បម្រើ​ប្រយោជន៍​សាធារណៈ ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របប​នយោបាយ​របស់​ប្រទេស​ជាដើម អ្នក​នោះ​ជា​អ្នក​ទោស​នយោបាយ​ហើយ។
លោក ឡៅ ម៉ុងហៃ៖ «អ្នក​ទោស​នយោបាយ រឿង​បទល្មើស​របស់​គាត់​ពាក់ព័ន្ធ​រឿង​នយោបាយ។ ដូច​ជា​អ្នក​ទាមទារ​រក​សិទ្ធិ​សេរីភាព ដូចជា​រឿង​បោះ​ឆ្នោត ពាក់ព័ន្ធ​ការ​គ្រប់គ្រង​រដ្ឋ គ្រប់គ្រង​សង្គម​ជាដើម»
លោក​បណ្ឌិត ឡៅ ម៉ុងហៃ រៀប​រាប់​ថា អ្នក​ទោស​ដែល​ជាប់​គុក​ដោយសារ​ធ្វើ​សកម្មភាព​នយោបាយ ទាមទារ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ មាន​ទស្សនៈ​ផ្ទុយ​ជាមួយ​អ្នក​កាន់​អំណាច ទាមទារ​លទ្ធិប្រជាធិបតេយ្យ ជា​អ្នក​ទោស​នយោបាយ ពីព្រោះ​មនុស្ស​នោះ​ធ្វើ​សកម្មភាព​បម្រើ​ប្រយោជន៍​សាធារណៈ​ទូទៅ មិន​មែន​ធ្វើ​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង​តែ​ម្នាក់ ហើយ​មនុស្ស​នោះ​ត្រូវ​មនុស្ស​ទូទៅ​គោរព​នឹក​ឃើញ​ជានិច្ច។
លោក ឡៅ ម៉ុងហៃ បន្ថែម៖ «ដូច​ជា​លោក ម៉ម សូណង់ដូ រឿង​នេះ​មាន​ពាក់ព័ន្ធ​ជាមួយ​រឿង​នយោបាយ ហើយ​តុលាការ​កាត់​គាត់​ក្រោម​សម្ពាធ​នយោបាយ នេះ​ជា​រឿង​នយោបាយ​ហើយ»
លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើក​ឡើង​ថា ធម្មតា​អ្នក​កាន់​អំណាច​តែង​តែ​បដិសេធ​ថា ខ្លួន​មិន​គ្រប់គ្រង​តុលាការ​ទេ តែ​តាម​ពិត ប្រជាពលរដ្ឋ​ទូទៅ​គេ​អាច​ដឹង​បាន​ថា តើ​អ្នក​កាន់​អំណាច​នោះ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ចៅក្រម ឬ​អត់?
ករណី​ខ្លះ អ្នក​ជាប់​ចោទ​មិន​មាន​ទោស​ព្រហ្មទណ្ឌ​ទេ តែ​ចៅក្រម​ខិតខំ​ស្វែង​រក​មាត្រា​ព្រហ្មទណ្ឌ​មក​ចោទ​ប្រកាន់​ជន​ជាប់​ចោទ​នោះ។
ទាក់ទង​និយមន័យ​អ្នក​ទោស​នយោបាយ​នេះ លោក នី ចរិយា ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) និយាយ​ថា កាល​ណា​ប្រជាពលរដ្ឋ​រូប​ណា​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ ពាក់ព័ន្ធ​សិទ្ធិ​នយោបាយ ហើយ​មាន​ទោស​នោះ គឺ​ជា​អ្នក​ទោស​នយោបាយ​ហើយ៖ «យើង ​ឧទាហរណ៍​ដូច​ជា​សេរីភាព​បញ្ចេញ​មតិ វា​មាន​ចែង​នៅ​ក្នុង​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ​ក្នុង​រដ្ឋធម្មនុញ្ញ ក្នុង​មាត្រា ៣២ ដូច​នេះ​កាលណា​យើង​ធ្វើ​សកម្មភាព​តាម​មាត្រា ៣២ នេះ​ហើយ មាន​ទោស អា​នេះ​គេ​ហៅ​ការ​ផ្ដន្ទាទោស​នយោបាយ​ហើយ»
លោក នី ចរិយា លើក​យក​ករណី​លោក មឿង សុន ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍​មួយ ដែល​មាន​មតិ​រិះគន់​ចំពោះ​ការ​តាំង​ភ្លើង​ហ្វា​នៅ​ប្រាសាទ​អង្គរវត្ត មក​ពន្យល់​ថា ករណី​នោះ​ជា​រឿង​នយោបាយ​ហើយ ពីព្រោះ​លោក មឿង សុន ត្រូវ​ចៅក្រម​កាត់​ទោស​ពី​បទ​បញ្ចេញ​មតិ​រិះគន់​ទៅ​លើ​ទង្វើ​អ្នក​កាន់​ អំណាច។
ចំពោះ​ករណី​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុកឃ្មុំ​វិញ លោក នី ចរិយា លើក​ឡើង​ថា តើ​ការ​ចោទ​ប្រកាន់​ថា ធ្វើ​អបគមន៍​នោះ​វា​មាន​ធាតុផ្សំ និង​ភស្តុតាង​គ្រប់គ្រាន់ ថា​អាច​ធ្វើ​អបគមន៍​នោះ​ទៅ​រួច ឬ​ទេ? ដូច្នេះ​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ផ្តន្ទាទោស ដើម្បី​ដាក់​ពន្ធនាគារ​នោះ​ហើយ ដែល​គេ​ហៅ​ថា អ្នក​ទោស​នយោបាយ។
ចំណែក​លោក អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា ករណី​លោក ម៉ម សូណង់ដូ លោក សម រង្ស៊ី លោក មឿង សុន ជាដើម សុទ្ធ​តែ​ជា​អ្នក​ទោស​នយោបាយ។ ពីព្រោះ​អ្នក​ទាំង​នោះ​មិន​មាន​ប្រើ​អំពើ​ហិង្សា​ មិន​មាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដោយ​អាវុធ ហើយ​រឿង​ពួក​គេ​ធ្វើ​សុទ្ធតែ​ដើម្បី​ផល​ប្រយោជន៍​ជាតិ ប្រជាពលរដ្ឋ ផល​ប្រយោជន៍​សាធារណៈ​ទាំង​អស់។
លោក អ៊ូ វីរៈ៖ «និយាយ​ទៅ​ឲ្យ​តែ​អ្នក​ប្រឆាំង​រដ្ឋាភិបាល គឺ​មាន​ន័យ​ថា រដ្ឋាភិបាល​ជា​អ្នក​ឈ្នះ​ហើយ។ ពីព្រោះ​រដ្ឋាភិបាល​មាន​អំណាច អ្នក​ប្រឆាំង​គាត់ គឺ​ជាប់​គុក​ហើយ នោះ​ជា​អ្នក​ទោស​នយោបាយ​ហើយ។ ការ​ប្រឆាំង​នោះ​អាច​ដោយ​ហិង្សា ឬ​ដោយ​អហិង្សា ដូច្នេះ​បើ​ប្រឆាំង​ត្រឹម​រិះគន់​ទេ គេ​ហៅ​ថា អ្នក​ទោស​មនសិការ ផង និង​នយោបាយ​ផង»
លោក សុន ឆ័យ ប្រធាន​ក្រុម​សមាជិក​សភា​មក​ពី​គណបក្ស សម រង្ស៊ី ឲ្យ​ដឹង​ថា កាលណា​អ្នក​នយោបាយ ឬ​សកម្មជន​នយោបាយ ឬ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ដែល​ត្រូវ​តុលាការ​ក្រោម​បញ្ជា ឬ​ឥទ្ធិពល​របស់​អ្នក​កាន់​អំណាច​កាត់​ទោស​ឲ្យ​ជាប់​គុក អ្នក​នោះ​ជា​អ្នក​ទោស​នយោបាយ​ហើយ។
លោក សុន ឆ័យ៖ «អ្នក​ទោស​នយោបាយ គឺ​ជា​អ្នក​នយោបាយ ឬ​ក៏​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដែល​ទទួល​រង​ការ​កាត់​សេចក្ដី​ដោយ​ តុលាការ ដែល​ប្រើ​ប្រាស់​ដោយ​អ្នក​មាន​អំណាច​នៅ​ក្នុង​ប្រទេស អា​នេះ​គេ​ហៅ​ថា អ្នក​ទោស​នយោបាយ»
កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា លោក ប្រាក់ សុខុន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ធ្វើ​សន្និសីទ​កាសែត​មួយ ប្រកាស​ឲ្យ​ដឹង​អំពី​លទ្ធផល​ជួប​គ្នា​រវាង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា ជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា នៅ​កម្ពុជា គ្មាន​អ្នក​ទោស​នយោបាយ​ទេ។
បួន​ថ្ងៃ​ក្រោយ​មក គឺ​ថ្ងៃ​ទី​២៣ វិច្ឆិកា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​ខេត្ត​ព្រះវិហារ ហើយ​បាន​លើក​ឡើង​បញ្ជាក់​ថា កម្ពុជា​គ្មាន​អ្នក​ទោស​នយោបាយ​ទេ ហើយ​រូប​លោក​ក៏​មិន​អាច​រំលោភ​អំណាច​តុលាការ​ធ្វើ​ការ​ដោះលែង​អ្នក​ទោស​ដែរ។
លោក ហ៊ុន សែន៖ «ខ្ញុំ​បាន​ប្រាប់​ហើយ​ថា កម្ពុជា​អត់​មាន​អ្នក​ទោស​នយោបាយ​ទេ​វ៉ើយ! មាន​តែ​អ្នក​នយោបាយ​ជាប់​ទោស​ព្រហ្មទណ្ឌ​តែ​ប៉ុណ្ណោះ។ រួច​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អន្តរាគមន៍ ហើយ​ចោទ​ថា ខ្ញុំ​កំពុង​ត្រួតត្រា​តុលាការ។ អ៊ីចឹង​ទេ​ឲ្យ​ខ្ញុំ​ទៅ​អន្តរាគមន៍​ដោះ​លែង​អ្នក​ទោស អ៊ីចឹង​ខ្ញុំ​វា​មិន​ទៅ​ដូច​អ្នក​ឯង​ថា? តុលាការ​គេ​ឯករាជ្យ​របស់​គេ មក​ស្នើ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ខុស​ច្បាប់ ដោះ​លែង​អ្នក​ទោស។ តុលាការ​គេ​ឯករាជ្យ​របស់​គេ បើ​យើង​ធ្វើ​ខុស​ក៏​គេ​កាត់​ទោស​ដែរ អត់​មាន​អ្នក​ណា​នៅ​ពី​លើ​ច្បាប់​ទេ»
ចំពោះ​ការ​បដិសេធ​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ លោក សុន ឆ័យ រៀប​រាប់​ថា វា​ជា​ការ​ធម្មតា​ទៅ​ហើយ​របស់​រដ្ឋាភិបាល គឺ​តែង​តែ​បដិសេធ​បែប​នេះ។ លោក សុន ឆ័យ លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹម​តែ​មិន​ទទួល​យក​ការ​លើក​ឡើង​អំពី​កំហុស​ឆ្គង​នានា នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជេរ​ប្រទេច​អ្នក​ធ្វើ​របាយការណ៍​ទៀត​ផង។
លោក ជូង ជូងី មេធាវី​នៃ​ការិយាល័យ​មេធាវី​សិលា មាន​ប្រសាសន៍​ថា បើ​មើល​លើ​រូបភាព​វា​ហាក់​មិន​មាន​អ្នក​ទោស​នយោបាយ​មែន តែ​បើ​ពិនិត្យ​លើ​ខ្លឹមសារ​វិញ អ្នក​ទោស​ដូចជា​លោក ម៉ម សូណង់ដូ លោក មឿង សុន លោក សម រង្ស៊ី គឺ​ជា​អ្នក​ទោស​នយោបាយ​ហើយ។
អ្នក​ដឹកនាំ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន បាន​និយាយ​ថា បើ​ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​ថា កម្ពុជា​គ្មាន​អ្នក​ទោស​នយោបាយ ប៉ុន្តែ​ប្រជាពលរដ្ឋ​ទូទៅ​បាន​ដឹង​យ៉ាង​ច្បាស់​ថា កម្ពុជា​មាន ឬ​គ្មាន​អ្នក​ទោស​នយោបាយ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា ដឹង​យ៉ាង​ច្បាស់​ថា តើ​ចៅក្រម​តុលាការ​កម្ពុជា ឯករាជ្យ ឬ​មិន​ឯករាជ្យ?

No comments: