A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 10 November 2012

People's opinions on the Independence Day- 9th November ទស្សនៈ​ផ្សេងៗ​ចំពោះ​ថ្ងៃ ៩ វិច្ឆិកា ឯករាជ្យ​ជាតិ

ដោយ ទីន ហ្សាការីយ៉ា 2012-11-08 Radio Free Asia
ពង្សាវតារ​ជាច្រើន ជាតិ​សាសន៍​ខ្មែរ​មាន​ប្រវត្តិ​តស៊ូ​រើ​បម្រះ​ពី​ការ​ត្រួតត្រា​របស់​បរទេស ដើម្បី​រស់​នៅ​ជា​ជាតិ​សាសន៍​មួយ​ប្រកប​ដោយ​ឯករាជ្យ អធិបតេយ្យ ក្នុង​សិទ្ធិ​សេរីភាព​ជា​មនុស្ស​ដូច​ជាតិ​សាសន៍​ដទៃ​ដែរ។

RFA/Khe Sonorng
៨-វិច្ឆិកា-២០១២៖ វិមាន​ឯករាជ្យ តំណាង​ឲ្យ​ឯករាជ្យ​ជាតិ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣។
ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​អាច​បំភ្លេច​បាន និង​មិន​អាច​កាត់​ថ្លៃ​បាន​នោះ គឺ​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នាំ​មក​នូវ​ឯករាជ្យ​ពេញ​លេញ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា រួច​ផុត​ពី​នឹម​ត្រួតត្រា​អាណានិគម​និយម​បារាំង ដែល​ជា​ស្នា​ព្រះហស្ត​ដ៏​ធំធេង​របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ទោះ​បី​ជា​ព្រះអង្គ​បាន​សោយ​ទិវង្គត​ទៅ​ហើយ​ក៏​ដោយ។
ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​១៩៥៣ និង​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​២០១២ ជា​ខួប​ឯករាជ្យ​ជាតិ​លើក​ទី៥៩ ហើយ សម្រាប់​ប្រជាជាតិ​កម្ពុជា ដែល​អ្នក​ប្រវត្តិសាស្ត្រ​បាន​កត់ត្រា​ទុក​ថ្ងៃ​នេះ​ថា​ជា​ថ្ងៃ​ ប្រវត្តិសាស្ត្រ​ដែល​នាំ​មក​នូវ​ប្រទេស​កម្ពុជា​ឯករាជ្យ បូរណភាព​ទឹកដី និង​អធិបតីភាព។
ទោះ​បី​ជា​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ត្រូវ​បាន​គេ​បំភ្លេច​ចោល​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ក្ដី ប៉ុន្តែ​ថ្ងៃ​ទី៩ វិច្ឆិកា នេះ ត្រូវ​បាន​ងើប​ឡើង​វិញ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រំលឹក​ឡើង​វិញ ពិសេស​ថ្ងៃ​នេះ រដ្ឋាភិបាល​បាន​ដាក់​នៅ​ក្នុង​ប្រតិទិន​ជា​ពិធី​បុណ្យ​ជាតិ ជា​ថ្ងៃ​ឈប់​សម្រាក បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២១ តុលា ឆ្នាំ​១៩៩១។
ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​ក្រុម​និស្សិត​នៅ​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ ជាតិ​អប់រំ ថ្ងៃ​ទី៨ វិច្ឆិកា ឆ្នាំ​២០១២ ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​រំដោះ​ប្រទេស​កម្ពុជា ឲ្យ​រួច​ផុត​ពី​របប​ខ្មែរ​ក្រហម រហូត​ដល់​មាន​ថ្ងៃ​ទី២៣ តុលា ជា​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ៖ «អីចឹង​ទេ អ្វី​ដែល​កើត​ឡើង​ពី​អតីត​កាល​នៃ​ភាព​កំសត់​របស់​ខ្ញុំ វា​ក៏​បាន​ជំរុញ​ឲ្យ​ខ្ញុំ​ធ្វើ​សកម្មភាព​មក​ដល់​ដំណាក់​កាល​នេះ បញ្ចប់​របប ប៉ុល ពត ទប់​ស្កាត់​របប ប៉ុល ពត មិន​ឲ្យ​វិល​ត្រឡប់​មក​វិញ ហើយ​រក​វិធី​ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ រក​វិធី​អ្វី​ដែល​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ចង់​បាន»
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នយោបាយ​ខ្មែរ​បាន​ឲ្យ​តម្លៃ​ផ្សេង​គ្នា​រវាង​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​១៩៥៣ និង​ថ្ងៃ​ទី៧ មករា ឆ្នាំ​១៩៧៩។ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បច្ចុប្បន្ន បាន​កំណត់​យក​ថ្ងៃ​ទី៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​រំដោះ​ជាតិ​ឲ្យ​រួច​ផុត​ពី​របប​ខ្មែរ​ក្រហម ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវិត​រស់រាន​ឡើង​វិញ ហើយ​កំណត់​ថ្ងៃ​នេះ​ទិវា​បុណ្យ​ជាតិ​ដែរ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​តម្លៃ​ទៅ​លើ​ថ្ងៃ ៧ មករា នោះ​ទេ ដោយ​គេ​ឲ្យ​តម្លៃ​ទៅ​លើ​ថ្ងៃ​ទី៩ វិច្ឆិកា ជា​ធំ​ទៅ​វិញ។
ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​ចោទ​ប្រកាន់​ថា ថ្ងៃ​ទី៧ មករា ជា​ថ្ងៃ​ធ្វើ​ឲ្យ​កងទ័ព​បរទេស​ឈ្លាន​ពាន​មក​លើ​ទឹកដី​កម្ពុជា ទៅ​វិញ​ទេ។ លោក​បញ្ជាក់​ថា គេ​គួរ​តែ​លុប​ថ្ងៃ​ទី៧ មករា មិន​មែន​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ៖ «ថ្ងៃ​៧ មករា មិន​គប្បី​ប្រើប្រាស់​បម្រើ​នយោបាយ ដើម្បី​ប្រៀប​ធៀប​វាយ​តម្លៃ​នឹង​ថ្ងៃ​៩ វិច្ឆិកា បាន​ទេ។ អ្នក​ណា​ក៏​ដឹង​ដែរ​ថា ថ្ងៃ៧ មករា ជា​ថ្ងៃ​កងទ័ព​វៀតណាម ចូល​មក​កម្ពុជា ដើម្បី​ជួយ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​ក៏ដោយ ក៏​មិន​បាន​មួយ​ចំណិត​នៃ​ថ្ងៃ៩ វិច្ឆិកា បាន​ដែរ»
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ក្រុម​អ្នក​វិភាគ​បាន​ឲ្យ​និយម​ន័យ​ផ្សេងៗ​គ្នា​រវាង​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ថ្ងៃ​ទី៧ មករា ឆ្នាំ​១៩៧៩ និង​ថ្ងៃ​ទី២៣ តុលា ឆ្នាំ​១៩៩១។ ក្រុម​អ្នក​វិភាគ​បាន​ពន្យល់​ថា ថ្ងៃ​ទី៩ វិច្ឆិកា ជា​ថ្ងៃ​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង។ ថ្ងៃ​ទី៧ មករា ជា​ថ្ងៃ​រំដោះ​ពី​របប​ផ្ដាច់​ការ​និយម ឬ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។ រីឯ​ថ្ងៃ​ទី២៣ តុលា ជា​ថ្ងៃ​ឯកភាព​ជាតិ​ខ្មែរ ដែល​ខ្មែរ​ចេះ​ដោះស្រាយ​នយោបាយ​ដោយ​ប្រើ​តុ​ចរចា មិន​បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ដោះស្រាយ​បញ្ហា។
ផ្ទុយ​ទៅ​វិញ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ មាន​ប្រសាសន៍​ថា នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ពុំ​មាន​ថ្ងៃ​បុណ្យ​ជាតិ​អ្វី​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា នៅ​ក្នុង​សម័យ​កាល​សព្វថ្ងៃ​នេះ ការ​ឲ្យ​តម្លៃ​ទៅ​លើ​ថ្ងៃ​ណា​មួយ​ក្នុង​ចំណោម​ថ្ងៃ​ទាំង​បី​នេះ រួម​មាន​ថ្ងៃ​ទី៩ វិច្ឆិកា ៧ មករា និង​ថ្ងៃ​ទី២៣ តុលា អាស្រ័យ​លើ​បុគ្គល​និមួយៗ​ជា​អ្នក​ឲ្យ​តម្លៃ ថា​តើ​ថ្ងៃ​ណា​មាន​សារសំខាន់​ជាង?
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​អះអាង​ថា ប្រទេស​កម្ពុជា នៅ​មុន​ពេល​ទទួល​ឯករាជ្យ និង​មុន​ពេល​បារាំង ធ្វើ​អាណានិគម​ប្រទេស​កម្ពុជា នោះ អ្នក​គ្រប់គ្រង​ប្រទេស​នៅ​សម័យ​កាល​នោះ រណប​បរទេស ពិសេស​គឺ​រណប​ប្រទេស​ជិត​ខាង។ លោក​បញ្ជាក់​ថា ៩វិច្ឆិកា ឆ្នាំ​១៩៥៣ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​មិន​អាច​កាត់​ថ្លៃ​បាន​សម្រាប់​ប្រជាជាតិ​កម្ពុជា ក្រោម​ការ​ទាមទារ​ឯករាជ្យ​របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។ លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា ទោះ​បី​ជា​កម្ពុជា ទទួល​បាន​ឯករាជ្យ​ពេញ​លេញ​ពី​បារាំង ក្ដី ប៉ុន្តែ​ការ​ការពារ​បូរណភាព​ទឹកដី​រវាង​ប្រទេស​ជិត​ខាង​នៅ​មាន​បញ្ហា​នៅ​ឡើយ ​នា​ពេល​បច្ចុប្បន្ន៖ «រឿង​បូរណភាព​ទឹកដី យើង​មាន​បញ្ហា​ព្រំប្រទល់​ដែន​មិន​ទាន់​ដាច់​ស្រេច​នៅ​ឡើយ​ទេ ដូច​ជា​ខាង​ថៃ និង​វៀតណាម គឺ​ចរចា​មិន​ទាន់​ដាច់​ស្រេច​ទេ ដូច្នេះ ទោះ​បី​ជា​មាន​ការ​ធានា​បូរណភាព​ទឹកដី​មិន​ឲ្យ​បរទេស​រំលោភ​បាន​មែន តែ​បញ្ហា​នៅ​តែ​មាន​ដដែល»
ម្យ៉ាង​វិញ​ទៀត អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា ទាំង​ថ្ងៃ​ទី៩ វិច្ឆិកា និង​ថ្ងៃ​ទី៧ មករា គឺ​មាន​តម្លៃ​ខុស​គ្នា។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក​បណ្ឌិត សុខ ទូច បញ្ជាក់​ថា ប្រទេស​មួយ​មាន​អធិបតីភាព ឬ​យ៉ាង​ណា​នោះ អាស្រ័យ​លើ​ភាព​សេដ្ឋកិច្ច​រឹងមាំ​របស់​ប្រទេស​នោះ៖ «ប្រទេស​មួយ​មាន​ភាព ​រឹងមាំ​ខាង​សេដ្ឋកិច្ច មិន​អាច​ដាក់​គំនាប​បាន​ទេ ព្រោះ​គេ​មាន​សិទ្ធិ​ដោះស្រាយ​បញ្ហា​ផ្ទាល់​ខ្លួន​របស់​គេ។ ទី២ កម្លាំង​កងទ័ព ទី៣ នយោបាយ​ការ​បរទេស បី​នេះ​ដើរ​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​ការ​ពង្រឹង​អធិបតីភាព»
នៅ​ក្នុង​សៀវភៅ​ដែល​ជា​ព្រះរាជ​និពន្ធ​ផ្ទាល់​ដោយ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះអង្គ​បាន​សរសេរ​នៅ​ក្នុង​ព្រះរាជ​សារ​របស់​ព្រះអង្គ ចុះ​ថ្ងៃ​ទី១៥ មិថុនា ឆ្នាំ​១៩៥២ ថ្លែង​ទៅ​កាន់​ប្រជារាស្ត្រ​នៅ​សម័យ​នោះ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​សន្យា​ជា​ឱឡារិក​ថា ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​បាន​សម្រេច​នូវ​ឯករាជ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​ស្រុង ក្នុង​រយៈពេល ៣ឆ្នាំ យ៉ាង​យូរ​បំផុត ដោយ​ធ្វើ​ឲ្យ​បាន​នូវ​ការ​ផ្ទេរ​ពី​បារាំង នូវ​សមត្ថកិច្ច​ចុង​ក្រោយ​ទាំង​ឡាយ ដែល​បារាំង នៅ​រក្សា​កាន់​កាប់​នៅ​ឡើយ ព្រះអង្គ​ក៏​បាន​កម្រិត​ព្រំដែន​នៃ​អធិបតីភាព​ខាង​ក្នុង និង​ខាង​ក្រៅ​ប្រទេស។
ក្នុង​ពេល​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​តស៊ូ​ទាមទារ​ឯករាជ្យ​ភាព​ពី​ បារាំង ខ្លាំង​ឡើងៗ​ក្នុង​ទសវត្សរ៍​១៩៤០ និង​១៩៥០ រដ្ឋការ​បារាំង សម្រេច​ប្រគល់​ឯករាជ្យ​ភាព​ដល់​កម្ពុជា តាម​រយៈ​ព្រះមហាក្សត្រ​ជា​ជាង​តាម​រយៈ​បក្ស​នយោបាយ ដែល​មាន​បក្ស​ខ្លះ​និយម​ឆ្វេង បក្ស​ខ្លះ​និយម​ស្តាំ ហើយ​សុទ្ធ​តែ​ប្រកាស​ថា ជា​អ្នក​ប្រជាធិបតេយ្យ​បម្រើ​ផល​ប្រយោជន៍​ជូន​ជាតិ​ខ្មែរ​ដូច​គ្នា។
ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ លោក សុន ឆ័យ បាន​បន្ថែម​ថា រដ្ឋាភិបាល​គួរ​តែ​រៀបចំ​ធ្វើ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ជា​ទិវា​បុណ្យ​ធំ​វិញ ពិសេស​នៅ​ពេល​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ បាន​សោយ​ទិវង្គត​ទៅ​ហើយ​នោះ ដើម្បី​តប​ស្នង​នូវ​ស្នា​ព្រះហស្ត​ដ៏​ធំធេង​របស់​ព្រះ​មហា​វីរក្សត្រ។
ប្រទេស​កម្ពុជា នឹង​ធ្វើ​ពិធី​ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​សុក្រ ទី៩ វិច្ឆិកា ឆ្នាំ​២០១២ ដើម្បី​រំឭក​ដល់​គុណ​បំណាច់​ដ៏​ថ្លៃថ្លា​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះបាទ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​លះ​បង់​តស៊ូ​បូជា​ជីវិត ដើម្បី​ឯករាជ្យ​ជាតិ​កម្ពុជា ឬ​ធ្វើ​ព្រះរាជ​បូជនីយកិច្ច​ទាម​ទារ​ឯករាជ្យ​ពេញ​បរិបូរ​ពី​នឹម​អាណានិគម​ និយម​បារាំង នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​១៩៥៣។
ក៏ប៉ុន្តែ ការ​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ក្នុង​ឆ្នាំ​នេះ នៅ​ចំ​ពេល​ព្រះបរមសព​របស់​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ កំពុង​តម្កល់​ទុក​នៅ​ក្នុង​ព្រះបរមរាជវាំង ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កំពុង​កាន់​ទុក្ខ បន្ទាប់​ពី​ព្រះអង្គ​បាន​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា នៅ​ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន៕

No comments: