A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 26 November 2012

The reasons why American investors are not interested in investing in Cambodia មូលហេតុ​ដែល​វិនិយោគិន​អាមេរិក​ពុំ​សូវ​ចាប់​អារម្មណ៍​មក​រក​ស៊ី​នៅ​កម្ពុជា

ដោយ វណ្ណ វិចារ 2012-11-26 RFA

វិនិយោគទុន​អាមេរិក​ភាគ​ច្រើន​ហាក់​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​មក​ រក​ស៊ី​នៅ​កម្ពុជា នោះ​ឡើយ បើ​ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា ខិតខំ​អំពាវនាវ​យ៉ាង​ណា​ក៏ដោយ។

RFA/Ouk Savborey
សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ឈរ​មើល​ក្រុម​កម្មករ​ក្រុមហ៊ុន​ចិន ​ស៊ូកាគូ (Sukaku) រុះរើ​ផ្ទះ​របស់​អ្នក​ភូមិ​បឹងកក់ កាល​ពី​​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១០។
អ្នក​ជំនាញ​សេដ្ឋកិច្ច​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធ្វើការ​កែ​ទម្រង់​លើ​វិស័យ​ជា​ច្រើន​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​កញ្ចប់​លុយ​ពី​អាមេរិក យក​មក​បង្កើត​ទីផ្សារ​ការងារ​សម្រាប់​ពលរដ្ឋ និង​ឈាន​ទៅ​រក​វឌ្ឍនភាព​សង្គម។
តើ​កម្ពុជា​ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគទុន​អាមេរិក?
កម្ពុជា​ជា​ប្រទេស​បើក​ចំហ​ជើង​មេឃ​សេដ្ឋកិច្ច ហើយ​រដ្ឋាភិបាល​ប្រកាស​ស្វាគមន៍​អ្នក​វិនិយោគទុន​ពី​គ្រប់​បណ្ដា​ប្រទេស​នៅ​ លើ​សកលលោក។ ប៉ុន្តែ​អ្នក​រក​ស៊ី​មក​ពី​សហរដ្ឋអាមេរិក ដែល​មាន​ដើម​ទុន​រាប់​លាន​ដុល្លារ បែរ​ជា​មិន​សូវ​ចាប់​អារម្មណ៍​បោះ​ទុន​ចូល​មក​រក​ស៊ី​ក្នុង​ស្រុក​ខ្មែរ​ទៅ​ វិញ។
មូលហេតុ​ចម្បង​នៃ​បញ្ហា​នេះ ត្រូវ​បាន​អ្នក​វិភាគ​ពន្យល់​ថា មិន​មាន​អ្វី​ក្រៅ​ពី​ភាព​មិន​ទុក​ចិត្ត​របស់​អ្នក​រក​ស៊ី​អាមេរិក ចំពោះ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​នោះ​ទេ។
អ្នក​វិភាគ​សេដ្ឋកិច្ច លោក ហេង ឌីណា ពន្យល់​ថា អ្នក​វិនិយោគ​អាមេរិក​ច្រើន​តែ​រក​ស៊ី​មុខ​របរ​ធំៗ ហើយ​ត្រូវការ​ចាំបាច់​នូវ​កត្តា​មួយ​ចំនួន ដូចជា​ធនធាន​មនុស្ស ការ​ផ្គត់ផ្គង់​សម្ភារៈ​បច្ចេកទេស បរិយាកាស​វិនិយោគ។ កម្ពុជា​មាន​ការ​ខ្វះខាត​ចំណុច​ទាំង​នេះ ជា​ហេតុ​នាំ​ឲ្យ​កម្ពុជា មាន​ឱកាស​តិចតួច​ក្នុង​ការ​ទាក់ទាញ​ពួកគេ​ឲ្យ​រក​ស៊ី​នៅ​ស្រុក​ខ្មែរ។
លោក​បន្ត​ថា អ្នក​រក​ស៊ី​អាមេរិក ក៏​ត្រូវ​គោរព​ច្បាប់​អាមេរិក ដែល​ប្រឆាំង​ដាច់​ខាត​រាល់​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​គ្រប់​ទីកន្លែង។ បាន​ន័យ​ថា បើ​គេ​ដឹង​ថា ប្រទេស​ណា​មួយ​មាន​ស្ថានភាព​មិន​ល្អ​ជុំវិញ​បញ្ហា​ពុករលួយ ពួកគេ​នឹង​មិន​ហ៊ាន​បោះ​ទុន​បណ្ដាក់​ចូល​រក​ស៊ី​ឡើយ។
លោក ហេង ឌីណា បញ្ជាក់​ថា ដើម្បី​ទាក់ទាញ​វិនិយោគិន​អាមេរិក កម្ពុជា​ចាំបាច់​ត្រូវ​បង្កើន និង​បង្កើត​ធនធាន​ឲ្យ​បាន​គ្រប់គ្រាន់ ទាំង​ធនធាន​មនុស្ស សម្ភារៈ និង​ការ​គោរព​ច្បាប់ ធានា​ឲ្យ​បរិយាកាស​វិនិយោគ​បាន​ល្អ​ប្រសើរ។
លោក​បន្ត​ថា៖ «សុខ​ចិត្ត​ឲ្យ​មាន​ការ​រក​ស៊ី​ដោយ​ផ្ទាល់​ជា​ជាង​ខ្ចី​ ដៃ​ក្រុមហ៊ុន ដូច​ជា​ចិន អ៊ីចឹង មក​រក​ស៊ី​នៅ​ខ្មែរ បើ​គេ​បើក​រោងចក្រ​នៅ​ខ្មែរ​ចំណេញ​ជាង។ កម្ពុជា​ក៏​ត្រូវ​កម្មករ​យើង​គួរ​តែ​ចេះ​ចំណេះ​ដឹង​មូលដ្ឋាន​ខាង​ផ្នែក​ វិទ្យាសាស្ត្រ ដូចជា គីមីវិទ្យា គណិតវិទ្យា រូបវិទ្យា និង​មួយ​ទៀត បរិស្ថាន ពាណិជ្ជកម្ម ត្រូវ​មាន​បរិយាកាស​ល្អ សម្រួល​ដល់​ការ​ធ្វើ​លិខិត​ស្នាម​របស់​អ្នក​វិនិយោគ​ជាដើម»
ទាក់ទិន​នឹង​វត្តមាន​អ្នក​វិនិយោគ​អាមេរិក នៅ​លើ​ទឹកដី​កម្ពុជា នេះ​ដែរ អ្នក​សម្រប​សម្រួល​​បណ្ដាញ​រួបរួម​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក លោក សន ជ័យ មាន​ប្រសាសន៍​ថា វិនិយោគទុន​ភាគ​ច្រើន​នៅ​កម្ពុជា មាន​ប្រភព​មក​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ចិន ដែល​មាន​និន្នាការ​រក​ស៊ី​កេង​ចំណេញ​គ្រប់​វិធី និង​មិន​សូវ​គិតគូរ​ពី​បញ្ហា​សិទ្ធិ​មនុស្ស។
លោក​បន្ត​ថា នៅ​កម្ពុជា​មិន​សូវ​សម្បូរ​អ្នក​រក​ស៊ី​ដែល​មក​ពី​ប្រទេស​ប្រជាធិបតេយ្យ​ តំបន់​អឺរ៉ុប និង​អាមេរិក ដោយសារ​កម្ពុជា មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​លើ​ឆាក​អន្តរជាតិ ផ្នែក​គោរព​សិទ្ធិ​មនុស្ស និង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ៖ «ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​មក​ ពី​ប្រទេស​សេរី និង​អាមេរិក ហ្នឹង កម្ពុជា​គួរ​អនុវត្ត​មួយ​ចំនួន ដែល​ប្រទេស​សេរី​ចង់​បាន ដូចជា​ការ​គោរព​សិទ្ធិ​មនុស្ស និង​តម្លាភាព​ក្នុង​ការ​ធ្វើ​ការងារ​របស់​មន្ត្រី​រដ្ឋាភិបាល»
លោក សន ជ័យ បន្ត​ថា បើ​សិន​ជា​កម្ពុជា សំបូរ​អ្នក​វិនិយោគ​ពី​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ច្រើន នោះ​ពលរដ្ឋ​កម្ពុជា នឹង​មិន​សម្រក់​ទឹក​ភ្នែក​ដោយ​សារ​ការ​អភិវឌ្ឍ​ទៀត​ទេ។
ទោះ​យ៉ាង​ណា​ក្តី កម្ពុជា​មាន​ក្រុមហ៊ុន​ល្បី​ឈ្មោះ​មួយ​របស់​អាមេរិក មក​បណ្ដាក់​ទុន​នៅ​កម្ពុជា គឺ​ក្រុមហ៊ុន ឆេវរុន (Chevron Texaco) ដែល​រក​ស៊ី​បូម​ប្រេងកាត ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​គួរ​ជា​ទី​កត់​សម្គាល់​ទេ។
កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​អំពាវនាវ​ឲ្យ​អ្នក​វិនិយោគទុន​អាមេរិក ចូល​មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​ដែរ។ លោក ហ៊ុន សែន បាន​ថ្លែង​ប្រាប់​ឧបការី​ប្រធានាធិបតី​អាមេរិក លោក ឃឺត ខាំប៊ែល (KURT CAMPBELL) ថា កម្ពុជា​ស្វាគមន៍​អ្នក​វិនិយោគ​អាមេរិក​មក​វិនិយោគ និង​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក ដើរ​តួ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​នៅ​ក្នុង​តំបន់។
យ៉ាង​ណា​ក៏ដោយ ការ​ថ្លែង​របស់​លោក ហ៊ុន សែន នេះ ហាក់​ដូច​ជា​មិន​សូវ​មាន​សង្ឃឹម​ថា អាមេរិក​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​នោះ​ទេ ព្រោះ​ថា ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​ត្រូវ​គេ​រិះគន់​ថា រំលោភ​សិទ្ធិ​មនុស្ស និង​មិន​មាន​នីតិរដ្ឋ។
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ លោក វីល្លៀម ថត (William E. Todd) បាន​បក​ស្រាយ​ថា អ្នក​វិនិយោគ​អាមេរិក និង​អ្នក​វិនិយោគ​បរទេស​ដទៃ​ទៀត មើល​ឃើញ​ឱកាស​នៅ​កម្ពុជា ហើយ​ការ​វិនិយោគ​របស់​គេ អាច​ធ្វើ​អោយ​សេដ្ឋកិច្ច​រីក​ចំរើន តាម​រយៈ​ការ​បង្កើត​ការងារ​ធ្វើ​អោយ​បាន​ច្រើន កំណើន​ពាណិជ្ជកម្ម និង​កម្រិត​ជីវភាព​រស់​នៅ​ខ្ពស់។
លោក​បន្ត​ថា អ្នក​វិនិយោគ​មាន​ការ​ប្រយ័ត្ន​ចំពោះ​បញ្ហា​អំពើ​ពុករលួយ និង​ការ​អនុវត្ត​ច្បាប់​អោយ​បាន​ត្រឹមត្រូវ។ លោក វីល្លៀម ថត បញ្ជាក់​ថា គេ​មិន​រំពឹង​ថា បាន​ប្រាក់​ចំណេញ​នោះ​ទេ តែ​អ្នក​វិនិយោគ​បរទេស​រំពឹង​លើ​លទ្ធភាព​អាច​ទាយ​ទុក​បាន និង​លក្ខណៈ​ស្មើ​ភាព​គ្នា។ ការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា នឹង​ផ្តល់​ផល​វិជ្ជមាន​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​អាមេរិក អោយ​មក​ធ្វើ​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។
តាម​រយៈ​ទំព័រ​ឆ្លើយ​សំណួរ​របស់​ពលរដ្ឋ​ខ្មែរ​របស់​អគ្គរដ្ឋទូត​អាមេរិក បង្ហាញ​ថា សព្វថ្ងៃ​ក្រុមហ៊ុន​អាមេរិក មាន​ទឹក​ប្រាក់​នៅ​ក្នុង​ដៃ​ចំនួន​ជាង ២​លាន​លាន​ដុល្លារ (2 trillion dollars) សំរាប់​ការ​វិនិយោគ ហើយ​ប្រទេស​នានា​នៅ​ក្នុង​ពិភពលោក រួម​ទាំង​សហរដ្ឋអាមេរិក​ផង កំពុង​តែ​ខំប្រឹង​ទាក់​ទាញ​លុយ​នេះ។
អ្នក​វិនិយោគ​ទុន​អាមេរិក មាន​ការ​លើក​ទឹក​ចិត្ត​ដោយ​មូលហេតុ​ថា យ៉ាង​ហោច​ណាស់​ការ​នាំ​ចេញ​ចំនួន ៨៣% របស់​កម្ពុជា គឺ​ទៅ​កាន់​សហរដ្ឋអាមេរិក ដែល​ធ្វើ​អោយ​សហរដ្ឋអាមេរិក ជា​ទីផ្សារ​នាំ​ចេញ​ធំ​បំផុត​របស់​កម្ពុជា។
សព្វថ្ងៃ​កម្ពុជា សំបូរ​អ្នក​វិនិយោគ​ពី​ប្រទេស​វៀតណាម និង​ចិន ដែល​មាន​ទំហំ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។ ឧទាហរណ៍​ក្រុមហ៊ុន​ចិន ស៊ូកាគូ (Sukaku) វិនិយោគ​តំបន់​បឹងកក់ ធ្វើ​ឲ្យ​រាស្ត្រ​ស្រក់​ទឹក​ភ្នែក​ស្ទើរ​រាល់​ថ្ងៃ ក្រុមហ៊ុន​វៀតណាម វិនិយោគ​នៅ​ក្រចេះ ធ្វើ​ឲ្យ​មាន​ការ​ចាប់​មនុស្ស​ដាក់​គុក​ជាដើម។
កម្ពុជា​ក៏​ត្រូវ​បាន​អង្គការ​តម្លាភាព​អន្តរជាតិ កាល​ពី​ឆ្នាំ​២០១១ វាយ​តម្លៃ​ថា ជា​ប្រទេស​មាន​ចំណាត់ថ្នាក់​អាក្រក់​ក្នុង​រឿង​ពុករលួយ ដោយ​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី ១៦៤ ក្នុង​ចំណោម​ប្រទេស ១៨៣ នៅ​ទូទាំង​ពិភពលោក។
អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ផ្ដល់​គំនិត​ថា កម្ពុជា​ពិត​ជា​អាច​ទាក់ទាញ​វិនិយោគិន​អាមេរិក បាន លុះ​ត្រា​តែ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ការ​បំបាត់​អំពើ​ពុករលួយ តុលាការ​ឯករាជ្យ។
កម្ពុជា​ក៏​ត្រូវ​ការ​បង្កើត​ស្ថាប័ន​មួយ​ចំនួន​ទៀត ធានា​ភាព​រីក​ចម្រើន​ផ្នែក​វិស័យ​ពាណិជ្ជកម្ម ដូចជា​តុលាការ​ពាណិជ្ជកម្ម តុលាការ​រដ្ឋបាល និង​តុលាការ​ការងារ ដោយ​ជ្រើសរើស​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ ដើម្បី​រួម​ចំណែក​ធ្វើ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព៕

No comments: