A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 31 January 2015

She lost $1.5 million to Cambodian Public Bank and now she is in jail, how unjust! សំណុំរឿង​ធនាគារ​កម្ពុជា​សាធារណៈ ៖ ដើម​បណ្ដឹង​ចូល​បំភ្លឺ បែរជា​ចាប់ខ្លួន​តាម​អំណាច​សាលក្រម​

 

ភ្នំពេញ ៖ ដើម​បណ្ដឹង​ក្នុង​សំណុំរឿង​ប្ដឹង​ស្ត្រី​ម្នាក់​មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ចាត់ការ​ទូទៅ​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង ធនាគារ​កម្ពុជា​សាធារណៈ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ” ពាក់​ព័​ន្ធ​នឹង ការ​ស៊ីដាច់​ប្រាក់​បញ្ញើ​ចំនួន​ ១ ​លាន ​ដុល្លារ​កន្លះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​និង​បញ្ជូន​ទៅ​ឃុំខ្លួន នៅ​ព​ន្ធនាគារ​កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៥ ខណៈ​ពេល​ចូល​បំភ្លឺ ក្នុងនាម​ជាដើម​បណ្ដឹង ដើម្បី​ការពារ​បណ្ដឹង​​របស់​ខ្លួន នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​ដើម​បណ្ដឹង​​រូប​នេះ ឈ្មោះ ឆេង ស្រីមុំ បាន​សុំ​ចូល​បំភ្លឺ​ដោយ​ខ្លួនឯង ក្នុងនាម​ជា ដើម​បណ្ដឹងរដ្ឋប្បវេណី ។ ដល់​ថ្ងៃ​កំណត់ ថ្ងៃទី​២៧​ និង​ទី ២៨ ខែមករា ឆ្នាំ​២០១៥ ខណៈ​ឈ្មោះ ឆេង ស្រីមុំ មក​តុលាការ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​និង​ឃុំខ្លួន របស់​លោក ហេង កេស​រោ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ យោង​អំណាច សាលក្រម​កំបាំងមុខ ផ្ដន្ទាទោស​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ ។​


​ក្នុង​សំណុំ​រឿង​នេះ ដំបូង​ឡើយ ឈ្មោះ ឆេង ស្រីមុំ បាន​ប្ដឹង​ស្ត្រី​ឈ្មោះ ខៀវ សុដាវី អ្នកគ្រប់គ្រង​ចាត់ការ​ទូទៅ​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ធនាគារ​កម្ពុជា​សាធារណៈ ហើយ​តំណាង អយ្យការ​បាន​ចោទប្រកាន់​ឈ្មោះ ខៀវ សុដាវី ជា​ផ្លូវការ​ពី​បទ រំលោភ​លើ​ទំនុកចិត្ត រួច បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី តាម​រូបភាព​ជន​ត្រូវ​ចោទ នៅ​ក្រៅ​ឃុំ ។​


​ពាក្យ​បណ្ដឹង​របស់​ឈ្មោះ ឆេង ស្រីមុំ បាន​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៣ វេលា​ម៉ោង​១៣​និង​៣០​នាទី ឈ្មោះ​ឆេង ស្រីមុំ ភេទ​ស្រី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៤ ភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌឫស្សីកែវ បាន​យក​ប្រាក់​ចំនួន ​១ ​លាន​ ៥ ​សែន​ដុល្លារ​អាមេរិក​ទៅ​ដាក់​ចូល​ក្នុងករណី​រប​ស់​ខ្លួន​ដែល​មាន លេខ​គណនី ១០១.០២.៣០៤៦១៧៤.៤ នៅ​ធនាគារ​កម្ពុជា​សាធារណៈ​។​


​នៅពេល​ដាក់​ប្រាក់​ឈ្មោះ ឆេង ស្រីមុំ បាន​ជួប​ជាមួយ​ឈ្មោះ ខៀវ សុដាវី ដែល​មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ចាត់ការ​ទូទៅ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ធនាគារ ហើយ ឈ្មោះ​ខៀវ សុដាវី ជា​អ្នក​រៀប​ចំ​បែបបទ​បញ្ចូល​ប្រាក់​នូវ​ចំនួន​ខាងលើ​ចូល​ទៅ​ក្នុង​គណនី​របស់​ឈ្មោះ ឆេង ស្រីមុំ​។​


​បន្ទាប់ពី​ប្រគល់​ប្រាក់​រួច​នោះ ឈ្មោះ​ឆេង ស្រីមុំ បាន​រង់ចាំ​យក​សៀវភៅ SAVING ACCOUNT របស់​ខ្លួន​ដើម្បី​ពិនិត្យមើល​ទឹកប្រាក់​ដែល​បាន​ដាក់​បញ្ចូល តែ​ក្រោយពី​ការ​រង់​ចាំ​រហូតដល់​ធនាគារ​​បិទទ្វារ ឈ្មោះ ខៀវ សុដាវី បាន​ឲ្យ​ឈ្មោះ ឆេង ស្រីមុំ ត្រឡប់​ទៅ​ផ្ទះ​និង​ចាំ​ទទួលយក​សៀវភៅ SAVING ACCOUNT នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៣​វិញ ព្រោះ​ខាង​ធនាគារ​រៀបចំ​ឯកសារ​មិនទាន់​ទេ ហើយ​ឈ្មោះ​ខៀវ សុដាវី ក៏បាន​រៀបចំ​លិខិត​របស់​ធនាគារ​មួយ​ច្បាប់​ប្រគល់​ទៅ​ឲ្យ​ឈ្មោះ ឆេង ស្រីមុំ ដើម្បី​បញ្ជា​ក់​នូវ​ទឹកប្រាក់​ដែល​ឈ្មោះ ឆេង ស្រីមុំ​យក​មក​សន្សំ​នៅ​ធនាគារ​។​


​លុះដល់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៣ ឈ្មោះ ឆេង ស្រីមុំ បាន​ទាក់ទង​មក​ឈ្មោះ ខៀវ សុដាវី ដើម្បី​ទទួលយក​សៀវភៅ SAVING ACCOUNT របស់​ខ្លួន តែ​ឈ្មោះ​ខៀវ សុដាវី ចេះតែ​ប្រាប់​ថា ថ្ងៃនេះ​ថ្ងៃ​នោះ​រហូត​។ ដោយ​រង់ចាំ​យូរ​ពេក​ឈ្មោះ ឆេង ស្រីមុំ បាន​ធ្វើ​ការ​ស៊ើបសួរ​មក​ធនាគារ​ទើប​ដឹង​ថា ឈ្មោះ​ខៀវ សុដាវី ពុំបាន​យក​ប្រាក់​របស់​ខ្លួន​​ដែល​មាន​ចំនួន ១​លាន​៥​សែន​ដុល្លារ​បញ្ចូល​ទៅ​ក្នុង​ធនាគារ​ឡើយ ។​


​នៅ​ចន្លោះ​ពេល​ដែល​ចៅក្រម​ស៊ើបសួរ​កំពុង​ចាត់ការ​បណ្ដឹង​របស់​ឈ្មោះ ឆេង ស្រីមុំ នោះ លោក​មេធាវី ឈិ​ត បូ​រ៉ាវុធ តំណាង​ធនាគារ​កម្ពុជា​សាធារណៈ បាន​ដាក់​​ពាក្យ​បណ្ដឹង មួយ​ប្ដឹង​បក​ឈ្មោះ ឆេង ស្រីមុំ ពី​បទ​ក្លែង​ឯកសារ​សាធារណៈ ។​


​ក្រោយមក​តុលាការ​បាន​ចាត់ការ​លើ​បណ្ដឹង​នេះ​ជា​បន្តបន្ទាប់ រហូត​ឈាន​ដល់​ការ បើកសវនាការ ប្រកាស​សាលក្រម​កំបាំងមុខ​ផ្ដន្ទាទោស​ឈ្មោះ ឆេង ស្រីមុំ ពី​បទ​ក្លែង ឯកសារ​សាធារណៈ ។ យោង​តាម​ការប្រកាស​នេះ លោក​ចៅក្រម ហេង កេស​រោ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ និង​ឃុំខ្លួន ជនជាប់ចោទ ឆេង ស្រីមុំ ។ ដោយឡែក​ពាក្យ បណ្ដឹង​របស់​ឈ្មោះ ឆេង ស្រីមុំ ប្ដឹង​បុគ្គលិក​ធនាគារ​កម្ពុជា​សាធារណៈ តុលាការ​ពុំ​ទាន់ សម្រេច​យ៉ាងណា​នៅឡើយ​ទេ បើ​ទោះ​ជា​បណ្ដឹង ឈ្មោះ ឆេង ស្រីមុំ ដាក់​មុន​ក៏ដោយ ពោល​គឺ​នៅក្នុង​ដំណាក់កាល​ស៊ើបសួរ​ដដែល រីឯ​បណ្ដឹង​ខាង​ធនាគារ ដាក់​ក្រោយ តែ​តុលាការ​ចាត់ការ​យ៉ាង​ឆាប់រហ័ស​រហូត​ចេញ​សាលក្រម​កំបាំងមុខ ។​


​ជា​មួយ​គ្នា​នេះ លិខិត​កិច្ចសន្យា​ធានារ៉ាប់រង​ពី​ធនាគារ​កម្ពុជា​សាធារណៈ លិខិត​ចុះ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៣ ដែល​មាន​ចុះហត្ថលេខា​ដោយ​ឈ្មោះ ខៀវ សុដាវី អ្នកគ្រប់គ្រង​ចាត់ការ​ទូទៅ​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ធនាគារ​កម្ពុជា​សាធារណៈ និង ភាគី​ដើម​បណ្ដឹង ឈ្មោះ ឆេង ស្រីមុំ បាន​បញ្ជាក់​ថា “ នាង​ខ្ញុំ ខៀវ សុដាវី សូម​ធានា​មិន​ឲ្យ​បាត់បង់ ឬ នរណា​ម្នាក់​មក​បិទ​កុង បន្លំ​ទឹកប្រាក់​របស់​កញ្ញា ឆេង ស្រីមុំ ឡើយ ។ កញ្ញា ឆេង ស្រីមុំ ពិត​ជា​មាន​ទឹកប្រាក់​ចំនួន ១.៥០០.០០០ ( មួយ​លាន​ហាសិប​ម៉ឺន​ដុល្លារ​អាមេរិក ) នៅក្នុង​ធនាគារ​កម្ពុជា​សាធារណៈ​របស់​យើង ខ្ញុំ​ពិតប្រាកដ​មែន ។ ដោយមាន​លេខ​សៀវភៅ SAVING ACCOUNT ១២៩១១៤ ហើយ​លេខ​កូដ បោះត្រា​លើ​សៀវភៅ​ខាងលើ​លេខ ៣០.៤៦១៧៤៤ ហើយ​លេខ​គណនី ១០១.០២.៣០៤៦១៧៤.៤ ។ នាង​ខ្ញុំ ខៀវ សុដាវី សូម​ធានារ៉ាប់រង​ចំនួន​ទឹកប្រាក់​និង​សៀវភៅ​របស់ កញ្ញា ឆេង ស្រីមុំ ដែល​មាន លេខ​កូដ​ខាងលើ​មិន​ឲ្យ​បាត់បង់ ។ សៀវភៅ​នេះ​កញ្ញា ឆេង ស្រីមុំ មាន​សិទ្ធិ​ដក​ប្រាក់ ​ឬ​ ដាក់​ប្រាក់ គ្រប់ ពេលវេលា​ទាំងអស់​រាល់​ម៉ោង ធ្វើការ​របស់​ធនាគារ​កម្ពុជា​សាធារណៈ ។ កញ្ញា ឆេង ស្រីមុំ អាច​មក ទទួល​សៀវភៅ​និង​ដក​ប្រាក់ បាន​នៅ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៣ ។ នាង​ខ្ញុំ ខៀវ សុដាវី ទទួលស្គាល់ ថា​កញ្ញា ឆេង ស្រីមុំ ពិត​ជា​មាន​ទឹកប្រាក់​ចំនួន​ ១.៥០០.០០០ ( មួយ​លាន​ហាសិប​ម៉ឺន​ដុល្លារ​អាមេរិក ) ពិតប្រាកដ​មែន ។ កិច្ចសន្យា​នេះ​នឹង​មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​ និង​ប្រថាប់ត្រា​នេះ​តទៅ ៕


អត្ថបទ៖ ទេស ឆាយា​នាថ​

1 comment:

Anonymous said...

Oh my word .It is so panic and shock that a girl of 23 years old has one and a half millions dollars US in cash go the bank alone by herself ? How she can make that much money? But anyway it is so sad for her to lose the money and got sued then arrested , never, never never trust any bank in Cambodia. The way they run the business like professional but behind closed door they are crooked and thieves .