A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 30 September 2015

សហគមន៍​នៅ​ឧត្តរមានជ័យ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ជួយ​ការពារ​ដី​ព្រៃ

សហគមន៍​នៅ​ឧត្តរមានជ័យ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ជួយ​ការពារ​ដី​ព្រៃ
ដោយ ហង្ស សាវយុត
2015-09-29
សកម្មភាព​ព្រះសង្ឃ​ការពារ​ព្រៃឈើ​នៅ​ខេត្ត​ឧត្ដរមានជ័យ។ រូបថត​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០
Photo: RFA

សហគមន៍​ការពារ​ព្រៃឈើ​អណ្តូងប នៅ​ស្រុក​បន្ទាយអំពិល​ មិន​ហ៊ាន​ដើរ​ល្បាត​ការពារ​ព្រៃឈើ​​របស់​គេ​បន្ត​ទៀត​ទេ ដោយសារ​គេ​តែង​ទទួល​រង​ការ​គំរាមកំហែង​ក្នុង​ពេល​ដែល​​ទាហាន និង​អ្នក​មាន​អំណាច​ខ្លះ​កំពុង​​បញ្ជូន​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​រំលោភ​យក​ដី​​នៅ​តំបន់​នោះ។

បច្ចុប្បន្ន​សហគមន៍​ការពារ​ព្រៃឈើ​អណ្ដូងប នៅ​មាន​សង្ឃឹម​តែម្យ៉ាង គឺ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​ឱ្យ​ជួយ​ទប់ស្កាត់ និង​ការពារ​​ការ​រំលោភ​យក​ដី​ព្រៃឈើ​​ដោយ​ខុស​ច្បាប់​ពី​ក្រុម​អ្នក​មាន​អំណាច​ទាំង​នោះ។

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​អណ្ដូងប នៅ​ឃុំ​បេង ស្រុក​បន្ទាយអំពិល ដែល​មាន​ភូមិសាស្ត្រ​ជាប់​គ្នា​នឹង​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ អំពាវនាវ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ជួយ​ចាត់​វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​ទាហាន និង​អ្នក​មាន​អំណាច​ខ្លះ​ទៀត​ដែល​កំពុងតែ​ប្រើប្រាស់​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​សហគមន៍​ជា​ច្រើន​ពាន់​ហិកតារ​ជា​បន្ទាន់។

ការ​អំពាវនាវ​បាន​ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​ប្រជា​សហគមន៍​ហាក់​អស់​លទ្ធភាព​ការពារ​ព្រៃឈើ​ទំហំ​ជាង ៦​ពាន់​ហិកតារ​ទៅ​ហើយ ដោយសារ​តែ​ក្រុម​ទាហាន និង​អ្នក​មាន​អំណាច​ខ្លះ តែង​គំរាម​កំហែង​មក​លើ​ពួកគេ​ក្នុង​ពេល​ចុះ​ទប់ស្កាត់​ការ​រុករាន​យក​ដី​ម្ដងៗ។

អនុ​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​អណ្ដូងប គឺ​លោក កើត ម៉ាប់។ លោក​អះអាង​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​កញ្ញា ថា បច្ចុប្បន្ន​នេះ មាន​ទាហាន​ខ្លះ​ដែល​មក​ពី​ខេត្ត​បន្ទាយមានជ័យ និង​ខ្លះ​ទៀត​មក​ពី​អង្គភាព​កងពលតូច​លេខ​៤ ព្រមទាំង​អ្នក​មាន​អំណាច​ខ្លះ​ផង កំពុង​បញ្ជូន​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​សហគមន៍។

តំណាង​សហគមន៍​ដដែល​បញ្ជាក់​ថា ដី​ព្រៃ​ឈើ​ទំហំ​ជាង ៦​ពាន់​ហិកតារ ដែល​អ្នក​ភូមិ​ទទួល​ការពារ​តាំង​ពី​​អំឡុង​ឆ្នាំ​២០០៤ មក​នោះ ត្រូវ​អ្នក​មាន​អំណាច​ព្រួត​គ្នា​ឈូស​រំលោភ​យក​អស់​ជាច្រើន​ពាន់​ហិកតារ​ហើយ នៅ​សល់​តែ​ជាង ១.០០០​ហិកតារ​ប៉ុណ្ណោះ៖ «តាំង​ពី​ទាហាន​គាត់​ចូល​ទៅ​ជួល​ដី​ឱ្យ​អ្នក​ភូមិ​ចូល​ធ្វើ​ចម្ការ​ទៅ គឺ​មាន​ការ​ឈូស​ឆាយ​ស្ទើរ​តែ​រៀងរាល់​ថ្ងៃ។ ជិត​អស់​ហើយ​ដី​នោះ បើ​និយាយ​រួម​ទៅ​ផ្ទៃដី​សហគមន៍​គឺ​គេ​ឈូស​ជុំវិញ នៅ​តែ​កៀន​ភ្នំ​ចង្ក្រាន​យក្ស​បន្តិច»។

កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ តំណាង​សហគមន៍​ព្រៃឈើ បាន​នាំ​គ្នា​ទៅ​ពឹង​ពាក់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ ឱ្យ​ជួយ​ធ្វើ​បណ្ដឹង​ដាក់​ទៅ​តុលាការ ដើម្បី​ទប់ស្កាត់​ការ​រុករាន​យក​ដី​នេះ ពី​ព្រោះតែ​អាជ្ញាធរ​មូលដ្ឋាន​ចាប់ពី​ឃុំ​បេង និង​ស្រុក​បន្ទាយអំពិល ជា​ដើម​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ជួយ​ការពារ និង​ទប់ស្កាត់​ទៅ​ហើយ។

អភិបាល​ស្រុក​បន្ទាយអំពិល លោក ហាំង ម៉េង មាន​ប្រសាសន៍​តំបន់​ដី​ព្រៃ​សហគមន៍​នោះ គឺ​កង​ទាហាន​បាន​ចូល​ទៅ​ធ្វើ​បន្ទាយ ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០៨ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា និង​ថៃ កើត​មាន​បញ្ហា​ជម្លោះ​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​មក។ អភិបាល​ស្រុក​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន តំបន់​ដី​ព្រៃ​សហគមន៍​អណ្ដូងប នឹង​ត្រូវ​យក​ទៅ​រៀបចំ​ឱ្យ​គ្រួសារ​កងទ័ព​សង់​លំនៅឋាន និង​ធ្វើ​កសិកម្ម ដូច្នេះ​ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ស្រុក មិន​ហ៊ាន​ដោះស្រាយ​ថា យ៉ាង​ណា​ឡើយ៖ «អា​ហ្នឹង ខ្ញុំ​មិន​ហ៊ាន​ថា​យ៉ាង​ម៉េច​ទេ ហើយក៏​មិន​មែន​ជា​សមត្ថកិច្ច​របស់​ខ្ញុំ​ដែរ គឺ​ខាង​អង្គភាព​យោធា​គាត់​មក​ឈរ​ជើង​ដើម្បី​ការពារ​បូរណភាព​ទឹក​ដី»។

ទោះ​យ៉ាង​ណា អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន យល់​ថា ប្រសិនបើ​តំបន់​ព្រៃ​សហគមន៍​អណ្ដូងប នោះ ត្រូវ​ដក​ហូត​យក​ទៅ​ធ្វើ​ជា​តំបន់​គ្រួសារ​យោធា​មែន គឺ​វា​មិន​ទាន់​ត្រឹមត្រូវ​ទេ ពីព្រោះ​តំបន់​ព្រៃ​សហគមន៍​ព្រៃឈើ​នីមួយៗ គឺ​សុទ្ធតែ​ក្រសួង​កសិកម្ម ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ​ការពារ​តាម​ផ្លូវ​ច្បាប់ ដូច្នេះ​ប្រសិនបើ​មាន​ការ​ដក​ហូត​យក​ដី​នោះ គួរ​តែ​មាន​អនុក្រឹត្យ​ប្រកាស​ឱ្យ​គេ​ឯង​ដឹង​ឮ​ជា​សាធារណៈ មិន​គួរ​ចូល​ទៅ​ឈូស​ឆាយ​ដោយ​ស្ងាត់ និង​គ្មាន​តម្លាភាព​ដូច្នេះ​ឡើយ៕

No comments: