A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 9 October 2015

យាយតា និងកុមារសុំ​ទាន​តាមផ្លូវ​ភ្នំតាម៉ៅ​ បាន​ទានពី​សិល្បៈ​រដូវភ្ជុំ

យាយតា និងកុមារសុំ​ទាន​តាមផ្លូវ​ភ្នំតាម៉ៅ​ បាន​ទានពី​សិល្បៈ​រដូវភ្ជុំ




លោក សុះ ម៉ាច និង​ក្រុម​សិល្បករសិល្បការិនី​ នាំយកម្ហូបចំណី និង​ថវិកាជូន​យាយតា និង​កុមារ​នៅភ្នំ​តាម៉ៅ​​​។ វុទ្ធី

ខេត្ដ​តាកែ: ទិដ្ឋភាព​​មនុស្ស​ចាស់​ក្មេងអង្គុយ​ និង​ឈរលើកដៃសំពះ​ត្រសង​តាមដងផ្លូវ​ឆ្ពោះមជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃភ្នំ​តាម៉ៅ ជា​ទី​កម្សាន្ដ​​ពេញ​និយម​សម្រាប់​អ្នកចូលចិត្ត​គយគន់សត្វព្រៃ​ ​ហាក់​កំពុងតែ​រង់ចាំ​ទទួល​ស្វាគមន៍ភ្ញៀវ​ជាហូរហែ​។
ប៉ុន្ដែវា​មិន​មែនជា​ការ​ហែហមអ្វី​ឡើយ។ ​ផ្លូវ​លំ​មួយ​ខ្សែពី​ច្រកចូល​ផ្លូវជាតិលេខ ២ នេះ ​ត្រូវ​​គេហទំព័រ​មគ្គុទ្ទេសក៍ Trip Advisor ដាក់ឈ្មោះ ​«វិថី​អ្នក​សុំទាន​»​។
ស្តែង​ពីក្តី​សង្វេគនៅ​ក្រោម​​រស្មី​​ព្រះ​សូរិយារះចាំង​ឆ្លុះធរណីហុយ​ប៉ើង​ទ្រលោម​ភាយ​ពី​ដំណើរ​រថយន្ដ​ម៉ូតូ​បន្ដ​គ្នា​គ្រប​លើ «វិថី​អ្នក​សុំទាន​» នារនោច​ ៩ រោច ​ខែ​​ភទ្របទ​ ​ថ្ងៃ​ដាក់បិណ្ឌទី ៩ នោះ ក្រុម​ការងារផលិតកម្ម ​M រួម​ជាមួយ​សមាគមសិល្បៈ​បាន​រួម​គ្នា​ធ្វើ​បាយម្ហូប និងថវិកា​​ចែកជូន​យាយ​តា និង​ក្មេងៗ​លើ «វិថី​អ្នកសុំទាន​»​។
​រណ្តាប់​ដោយ​បាយ ​និង​ថវិកា​កាន់នៅ​នឹងព្រះហត្ត ព្រះគ្រូ ​​សុ​វណ្ណមុនី​​រ៉េត ​ទីប្រឹក្សា​សម្តេចសង្ឃ​ នន្ទ ​ង៉ែត ​គង់​នៅ​​វត្ត​នាគ​វ័ន និង​ជា​ប្រធានក្រុម​ប្រឹក្សា​​ភិ​បា​ល​សមាគមសិល្បករខ្មែរ​ មានសង្ឃដីកាថា៖ «​ទោះបីជា​យ៉ាង​ណា​​មិន​ថា​​ជា​សិល្បករ​ ឬ​ជា​ព្រះសង្ឃ​នោះទេ​ បុណ្យ​គឺអាច​ធ្វើបាន​​ទាំង​អស់​គ្នា​។ តាមរយៈ​ការ​រួមចិត្តរួមគំនិត​គ្នា​នេះ​ វាពិតជា​ការសម្តែង​ឲ្យ​​ឃើញអំ​ពី​កាយវិការ​ចេះ​ជួយ​គ្នា​ទៅវិញ​ទៅ​មក​ ជា​ពិសេស ដល់​ជន​ក្រីក្រ»។
ក្រុម​សិល្បៈ​ដឹក​នាំ​ដោយ​នាយ​ឃ្លោក​ឡើង​ភ្នំ​តាម៉ៅ​។ វុទ្ធី


ព្រះ​អង្គ​មាន​សង្ឃដីកាថា៖​ «បាន​ជា​​អាត្មា និង​ក្រុម​សិល្បករ​​ផលិតកម្ម ​M ​នាំបាយ និង​ថវិកាមក​ជូនដល់បង​​ប្អូន​​ថ្ងៃនេះ ជាថ្ងៃ​ដាក់​បិណ្ឌ​ទី ៩ រដូវ​បុណ្យ​ភ្ជុំ វេលានេះ​ធ្វើបុណ្យជូន​ទាន​ល្អណាស់ញោម​»។
ដំបូង​ឡើយ ​អ្នក​សុំទាន​ទាំងនោះ​គឺ​ជា​​អ្នកភូមិ​ត្រពាំងសាប​ដែល​តែងតែ​ដើរ​ជា​ច្រើន​គីឡូម៉ែត្រ​ពី​ផ្ទះ​​ពួកគេ​ទៅ​​បោះ​ទីតាំង​ដោយ​ការ​យក​ចប និង​បង្គី​កាប់ដីបន្ដិចបន្ដួច​មក​លុប​ជង្ហុក​តូចៗ ឬ​ដង​ទឹក​ស្រោច​ផ្លូវហុយ​ដើម្បី​ងាយ​ស្រួល​អ្នក​ដំណើរ​បរ​ឆ្លងកាត់​ជា​ថ្នូរ​​នឹងការ​បរិច្ចាគ​ប្រាក់​ពី​ភ្ញៀវ​មក​វិញ។ ប៉ុន្ដែ​ពេល​នេះអ្នកភូមិ​ឆ្ងាយៗ​បាន​​ធ្វើ​ដំណើរ​ថ្មើរ​ជើង​មាន​ទាំង​​សាច់​ញាតិ​ជូន​មក​សុំទាន​នៅ​ទី​នេះ។
​ក្រុម​កុមារ​សុំ​ទាន​ទទួល​បាន​ទាន​នៅថ្ងៃកាន់បិណ្ឌ​ទី ៩។ វុទ្ធី





ជាមួយ​គ្នានោះ​ លោក ​ទុំ សារុត ដែល​​គេ​តែង​និយម​ហៅ​​ថា «​ឧកញ៉ា ឃ្លោក» ជា​អតីត​តារា​កំប្លែង​ក្រុម​នា​យកុយ​ និង​ជាប្រធាន​កិត្ដិយសនៃ​សមាគមសិល្បករ​ខ្មែរ ​ថ្លែង​ថា៖​ «ទាន​​នេះ​មិន​គ្រប់​គ្រាន់​សម្រាប់​បងប្អូន​កូនក្មួយពុកម៉ែទេ​។ តែ​នេះ​កូន​ធ្វើ​ជូន​ពុកម៉ែក្នុង​រដូវបុណ្យ​ភ្ជុំ ​​និង​សូមឲ្យ​ជាតិ​ក្រោយ​ កុំ​ឲ្យ​​ជួប​ពិបាកដូចជាតិនេះ ឲ្យ​​ចៀស​ផុត​ពីរបរ​ជា​អ្នកសុំទានទៀត​»។​ ​
លោក ​សន វិ​ជ្ជ​បុត្រ ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម និង​ជា​អ្នកតំណាង​ចាង​ហ្វាង​ផលិតកម្ម​ M ប្រាប់ថា ខាង​ផលិត​កម្មបាន​មូលគំនិត​គ្នា​រៀបចំ​ធ្វើ​កម្មវិធី​មនុស្សធម៌ ដោយបាន​ចុះមក​ផ្ទាល់​ចែកជូន​លោកតា លោក​យាយ ​​កុមារា និង​​កុមារី​នូវ​ចំណីអាហារ និងថវិកាមួយចំនួន​ដែលពួកគាត់​តែងតែ​ប្រើ​ពេលវេលា​សុំទាន​តាម​ដងផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋាន​ភ្នំ​តាម៉ៅ។
លោកបញ្ជាក់​ខ្លី​ថា៖​ «ស្តាយ​តារា​​ចម្រៀង​ផលិតកម្ម​យើង​មិន​បាន​មក​ជុំ​គ្នា​ក្នុង​ការ​ចែក​បាយ ​និង​ថវិកាជូន​បង​ប្អូន​តាម​ផ្លូវ​ទៅ​ភ្នំតាម៉ៅនេះ​»៕

No comments: