A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 27 November 2015

មេធាវី​លោក ហុង សុខហួរ៖ សាលក្រម​របៀប​តុលាការ​ក្រុង​ភ្នំពេញ​ប៉ះពាល់​សិទ្ធិ​កូន​ក្ដី

មេធាវី​លោក ហុង សុខហួរ៖ សាលក្រម​របៀប​តុលាការ​ក្រុង​ភ្នំពេញ​ប៉ះពាល់​សិទ្ធិ​កូន​ក្ដី
ដោយ ម៉ម មុនីរតន៍
rfa 2015-11-26
លោក​មេធាវី ជូង ជូងី ថ្លែង​ទៅ​កាន់​អ្នកកាសែត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Rann Samnang

នៅ​សល់ ៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សាលា​ឧទ្ធរណ៍​នឹង​ជំនុំជម្រះ​លើ​បណ្ដឹង​របស់​លោក ជូង ជូងី ប្រឆាំង​សាលក្រម​របៀប​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ។

កាល​ពី​ដើម​ខែ​តុលា កន្លង​ទៅ​នេះ ចៅក្រម​ស៊ើបសួរ​របស់​តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក ហុង សុខហួរ ត្រូវ​បង្ហាញ​ពី​សម្ភារៈ​មួយ​ចំនួន​ដែល​ស្រាវជ្រាវ​ពី​ផែនទី​កម្ពុជា-​វៀតណាម ហើយ​តម្រូវ​ឲ្យ​មេធាវី​ការពារ​ក្ដី​ត្រូវ​ដាក់​ភស្តុតាង​ដោះបន្ទុក​នៅ​មុន​សវនាការ​ចាប់​ផ្ដើម។ ក៏ប៉ុន្តែ​មេធាវី​ការពារ​ក្ដី​ឲ្យ​សមាជិក​ព្រឹទ្ធ​សភា​ពី​ខាង​គណបក្ស​ជំទាស់​ចាត់​ទុក​ថា ការ​ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មេធាវី។

មេធាវី​ការពារ​ក្ដី​ឲ្យ​សមាជិក​ព្រឹទ្ធសភា គឺ​លោក ជូង ជូងី រំពឹង​ថា ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៅ​សាលាឧទ្ធរណ៍​​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ខាង​មុខ នឹង​រក​យុត្តិធម៌​ក្នុង​សំណុំ​រឿង​ដែល​លោក​បាន​ប្ដឹង​ទាស់​នឹង​សាលក្រម​ចាត់​របៀប​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។

លោក ជូង ជូងី ដែល​ជា​មេធាវី​ការពារ​ក្ដី​ម្នាក់​ក្នុង​ចំណោម​មេធាវី ៣​រូប​ផ្សេង​ទៀត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ថា សាលក្រម​របៀប​របស់​លោក រស់ ពិសិដ្ឋ ចេញ​ទាំង​២​លើក​ ដែល​បង្គាប់​ឲ្យ​ផ្ដល់​ម៉ាស៊ីន​កុំព្យូទ័រ និង​ភស្តុតាង​ដោះ​បន្ទុក​មុន​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​បច្ចេកទេស​របស់​មេធាវី និង​សិទ្ធិ​កូន​ក្ដី​របស់​ខ្លួន។

លោក​បន្ត​ថា៖ «ខ្ញុំ​ជា​មេធាវី និង​កូន​ក្តី​ដឹង​ច្បាប់​ណាស់ ថា​ដាក់​របៀប​ណា ហើយ​ដាក់​ពេល​ណា? អ៊ីចឹង​គឺ​មិន​ចាំបាច់​តុលាការ​បង្គាប់​ទេ ពេល​វេលា​ដែល​ល្អ​បំផុត របៀប​ដែល​ល្អ​បំផុត​ខ្ញុំ​ចេះ​ជ្រើសរើស​ហើយ មិន​ចាំបាច់​តុលាការ​បង្គាប់​ទេ»។



ភ្លាមៗ​បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​ចេញ​សាលក្រម​របៀប​កាល​ពី​ខែ​តុលា លោក ជូង ជូងី ក៏​បាន​រៀបចំ​បណ្ដឹង​ឧទ្ធរណ៍​ប្រឆាំង​ដីកា​បង្គាប់​នោះ​ភ្លាម​ដែរ ហើយ​បណ្ដឹង​ទាស់​នេះ ធ្វើ​ឡើង​មុន ១​ថ្ងៃ ក្រោយ​ពី​ដីកា​បង្គាប់​ថ្មី​មួយ​ទៀត​របស់​លោក រស់ ពិសិដ្ឋ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា តម្រូវ​ឲ្យ​លោក ហុង សុខហួរ ផ្ដល់​ម៉ាស៊ីន​កុំព្យូទ័រ និង​បង្គាប់​ឲ្យ​មេធាវី​ផ្ដល់​ឯកសារ​ដោះបន្ទុក​មុន​ដំណើរ​សវនាការ​ត្រូវ​ចាប់​ផ្ដើម។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ ដើម្បី​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា។

បើ​ទោះ​បែប​ណា កាល​ពី​ថ្ងៃ​ទី​២២ តុលា កន្លង​ទៅ​នេះ លោក រស់ ពិសិដ្ឋ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក ជូង ជូងី និង​ជនជាប់ចោទ ដាក់​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ទាញ​យក​សន្ធិសញ្ញា ១៩៧៩ និង​ឧបករណ៍​អេឡិចត្រូនិក មក​តុលាការ​ដើម្បី​បន្ត​នីតិវិធី​ស៊ើបសួរ​បន្ថែម។ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​ពុំ​ទាន់​ឃើញ​ដាក់​ឯកសារ​ពាក់ព័ន្ធ​ដែល​ជា​មូលហេតុ​ពុំ​អាច​បន្ត​ស៊ើបសួរ​បាន​ឡើយ។ ដីកា​បង្គាប់​បន្ថែម​ទៀត​ថា ក្នុង​ករណី​មិន​អនុវត្ត​តាម តុលាការ​នឹង​កំណត់​កាលបរិច្ឆេទ​បន្ត​នីតិវិធី ហើយ​និង​មិន​ទទួល​យក​ភស្តុតាង​មក​ពិនិត្យ​ពេល​ក្រោយ​ឡើយ។

សភា​ស៊ើបសួរ​សម្រេច​លើក​យក​បណ្ដឹង​ឧទ្ធរណ៍​របស់​លោក ជូង ជូងី ប្រឆាំង​សាលក្រម​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ មក​ជំនុំជម្រះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា។

ជុំវិញ​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន យល់​ឃើញ​ថា ការ​ចេញ​ដីកា​ណា​មួយ​របស់​តុលាការ គឺ​ជា​ការ​អនុវត្ត​ទៅ​តាម​ច្បាប់​ដែល​វា​ស្រប​ទៅ​នឹង​បញ្ញត្តិ​នៃ​ក្រម​ព្រហ្មទណ្ឌ។ លោក​បន្ត​ថា ចំពោះ​ការ​លើកឡើង​របស់​មេធាវី​នោះ គឺ​ជា​សិទ្ធិ​ដើម្បី​ការពារ​ផលប្រយោជន៍​សម្រាប់​កូន​ក្ដី​ម្នាក់ៗ​ប៉ុណ្ណោះ៖ «ការ​ដែល​តម្រូវ​ឲ្យ​ដាក់​ឯកសារ​បន្ថែម ការ​ភស្តុតាង ឬ​កសិណសាក្សី​បន្ថែម​នេះ គឺ​មិន​បាន​រំលោភ​ទៅ​ដល់​សិទ្ធិ​សេរីភាព​របស់​កូន​ក្តី ជនជាប់ចោទ ឬ​មួយ​ក៏​សិទ្ធិ​សេរីភាព​របស់​មេធាវី​ទេ។ នេះ​ជា​ដំណើរការ​នីតិវិធី​ធម្មតា ដែល​មាន​បញ្ញត្តិ​នៅ​ក្នុង​ច្បាប់»។

សាលា​ឧទ្ធរណ៍​ធ្លាប់​បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ចំនួន ៣​លើក​រួច​មក​ហើយ របស់​លោក ហុង សុខហួរ។ ការ​សម្រេច​ចុង​ក្រោយ​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា មិន​ត្រូវ​បាន​លោក ប្លង់ សំណាង បញ្ជាក់​ពី​មូលហេតុ​ឡើយ។ នៅ​ក្នុង​​សំណុំ​រឿង​តែ​មួយ​​នេះ​ ប្រធាន​គណបក្ស​ជំទាស់ លោក សម រង្ស៊ី ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក កោ វណ្ឌី ចេញ​ដីកា​​បង្គាប់​ឲ្យ​ចូលខ្លួន​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ដែរ ពី​បទ​សម​គំនិត​ដែល​អនុញ្ញាត​ឲ្យ​លោក ហុង សុខហួរ បង្ហោះ​ឯកសារ​សន្ធិសញ្ញា​កម្ពុជា-​វៀតណាម នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ផ្ទាល់ ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​១២ និង​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥។

លោក ហុង សុខហួរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា បន្ទាប់​ពី​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន ដោយ​ចោទ​ប្រកាន់​ថា លោក ហុង សុខហួរ ក្បត់​ជាតិ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-​វៀតណាម ឆ្នាំ​១៩៧៩ ថា​ជា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ប្រទេស​ទាំង​ពីរ។ ក្រោយ​ការ​ចាប់​ខ្លួន អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់ និង​ចាត់​ទុក​ថា នេះ​ជា​ដីកា​ធ្វើ​ឡើង​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ៕

No comments: