A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 28 November 2015

មន្ត្រី​រដ្ឋាភិបាល៖ កម្ពុជា​មិន​លក់​អធិបតេយ្យភាព​ដើម្បី​ដោះដូរ​នឹង​ជំនួយ​បរទេស


មន្ត្រី​រដ្ឋាភិបាល៖ កម្ពុជា​មិន​លក់​អធិបតេយ្យភាព​ដើម្បី​ដោះដូរ​នឹង​ជំនួយ​បរទេស
ដោយ យាង សុជាមេត្តា
rfa 2015-11-27

លោក សម រង្ស៊ី (ពាក់​កម្រង​ផ្កា) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មក​ដល់​កម្ពុជា វិញ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Morm Moniroth

មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ថា កម្ពុជា​មិន​លក់​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​ខ្លួន​ដើម្បី​ដោះដូរ​នឹង​ជំនួយ​បរទេស​នោះ​ទេ។ ការ​អះអាង​នេះ គឺ​បន្ទាប់ពី​សភា​សហភាព​អឺរ៉ុប​បាន​បោះឆ្នោត​លើ​សេចក្ដី​សម្រេច​មួយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុប​ចោល​បទ​ចោទ​ប្រកាន់​នានា​លើ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​បក្ស​ប្រឆាំង។ សភា​សហភាព​អឺរ៉ុប ក៏​គំរាម​ថា អាច​នឹង​លុបចោល​ជំនួយ​ជា​ច្រើន​លាន​ដុល្លារ​ដែល​ពួកគេ​គ្រោង​ផ្តល់​ឲ្យ​កម្ពុជា។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា សភា​សហភាព​អឺរ៉ុប​សម្ដែង​ការ​បារម្ភ​ពី​ស្ថានភាព​នយោបាយ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

សភា​សហភាព​អឺរ៉ុប លើក​ឡើង​ថា ពួកគេ​មាន​ការ​បារម្ភ​ពី​បរិយាកាស​នយោបាយ​ដែល​កំពុង​តែ​យ៉ាប់យ៉ឺន​សម្រាប់​អ្នក​នយោបាយ​បក្ស​ប្រឆាំង សកម្មជន​ការពារ​សិទ្ធិមនុស្ស សកម្មជន​ការពារ​បរិស្ថាន និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា។ ពួកគេ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ដក​ចេញ​នូវ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នានា​លើ​លោក សម រង្ស៊ី និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង ក្នុង​នោះ​ក៏​រួម​មាន​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង លោក ហុង សុខហួរ ព្រមទាំង​សកម្មជន​បក្ស​ប្រឆាំង​ដទៃ​ទៀត​ដែរ។

សេចក្ដី​សម្រេច​របស់​សភា​សហភាព​អឺរ៉ុប ដែល​មាន​សំឡេង​គាំទ្រ​លើសលប់​ពី​សមាជិក​របស់​ខ្លួន​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​មាន​សិទ្ធិ​បំពេញ​ការងារ​ដោយ​សេរី មិន​មាន​ការ​ភ័យខ្លាច​ដោយសារ​ការ​គំរាម​ចាប់​ខ្លួន ឬ​ការ​ធ្វើ​បាប​នានា។ រដ្ឋាភិបាល​កម្ពុជា ក៏​ត្រូវ​បញ្ចប់​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​នយោបាយ​ដើម្បី​ធ្វើ​បាប​បក្ស​ប្រឆាំង។



បន្ថែម​ពី​លើ​សេចក្ដី​ថ្លែងការណ៍​នេះ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​រាយការណ៍​ដោយ​ស្រង់​សម្ដី​របស់​តំណាងរាស្ត្រ​សភា​សហភាព​អឺរ៉ុប​មួយ​រូប​ដែល​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​ផ្ដាច់​ជំនួយ​ជាង ៤០០​លាន​ដុល្លារ​ដែល​សហភាព​អឺរ៉ុប​គ្រោង​ផ្ដល់​ដល់​កម្ពុជា ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០ ប្រសិនបើ​រដ្ឋាភិបាល​មិន​ធ្វើ​ឲ្យ​រីក​ចំរើន​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ឆ្លើយ​តប​ចំពោះ​ការ​គំរាម​នេះ មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កម្ពុជា​មិន​លក់​អធិបតេយ្យភាព​ដើម្បី​ដោះដូរ​នឹង​ជំនួយ​បរទេស​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប​ឲ្យ​កម្ពុជា ធ្វើ​នេះ ឬ​ធ្វើ​នោះ​តាម​ខ្លួន គឺ​ជា​ការ​ផ្ទុយ​ទៅ​នឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស នីតិរដ្ឋ និង​សណ្ដាប់ធ្នាប់​នយោបាយ​ដែល​លោក​ថា កម្ពុជា​កំពុង​តែ​ដំណើរ​ការ និង​ពង្រឹង​ជា​បន្តបន្ទាប់។

​លោក ផៃ ស៊ីផាន៖ «ការ​គំរាមកំហែង​តាម​រយៈ​ប្រាក់​ជំនួយ​ប្រឆាំង​នឹង​កម្ពុជា ដែល​ជា​រដ្ឋ​ឯករាជ្យ​ដែល​មិន​មែន​នៅ​ក្រោម​អាណានិគម​របស់​អ្នក​ណា​មួយ​នោះ គឺ​យើង​មិន​អាច​ទទួល​យក​បាន​ទេ ពីព្រោះ​ដើម្បី​កសាង​រដ្ឋ​នេះ យើង​ចំណាយ​អាយុ​ជីវិត​ច្រើន​ណាស់ ហើយ​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ទាំង​អស់ គឺ​សន្តិភាព នីតិរដ្ឋ និង​សណ្ដាប់ធ្នាប់​សង្គម ហើយ​ជំនួយ​វា​ជា​សន្តាន​ចិត្ត​របស់​គេ ចង់​គេ​ឲ្យ​មិន​ឲ្យ​ជា​រឿង​របស់​គេ ក៏ប៉ុន្តែ​កម្ពុជា កំពុង​រើ និង​ឈរ​លើ​ខ្លួន​ឯង យើង​មិន​លុតជង្គង់ ដើម្បី​បោះ​បង់ចោល​អ្វី​ដែល​ជា​អធិបតេយ្យភាព​របស់​យើង​សម្រាប់​ជនបរទេស​ណា​មួយ​នោះ​ទេ»។

ជុំវិញ​ស្ថានភាព​នយោបាយ​តឹងតែង​នៅ​កម្ពុជា នេះ​ដែរ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្ដែង​ទស្សនៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក របស់​លោក​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ថា វា​ល្មម​ដល់​ពេល​ដែល​អ្នក​នយោបាយ​ខ្មែរ​ទទួល​ស្គាល់​នូវ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក បញ្ឈប់​នូវ​ការ​កម្ចាត់​គ្នា​បែប​សត្រូវ និង​ត្រូវ​ងាក​មក​ប្រកួតប្រជែង​គ្នា​ដោយ​ភាព​ថ្លៃថ្នូរ​ដើម្បី​ឲ្យ​ជាតិ​រស់​ទាំង​អស់​គ្នា។

​លោក កឹម សុខា ដែល​ទើប​ត្រូវ​បាន​សមាជិកសភា​បក្ស​កាន់​អំណាច​បោះឆ្នោត​ទម្លាក់​ពី​តំណែង​អនុ​ប្រធាន​ទី​១​រដ្ឋសភា ថ្លែង​ថា អ្នក​នយោបាយ​គួរ​ធ្វើ​ឲ្យ​មាន​ការ​ទុកចិត្ត​គ្នា ដែល​មិន​មែន​មាន​តែ​នៅ​លើ​ក្រដាស​នោះ​ទេ គឺ​ត្រូវ​ធ្វើ​ឡើង​ក្នុង​ចិត្ត​ទាំង​អស់​គ្នា​ដោយ​បំបាត់​នូវ​គំនុំគំកួន និង​បំបាត់​ការ​បំភិតបំភ័យ​អ្នក​ដទៃ។ លោក​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​មាន​គ្រោះថ្នាក់ ដរាបណា​អ្នក​នយោបាយ​ខ្មែរ​មិន​រក​មធ្យោបាយ​ស្មោះត្រង់​ណា​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា។

​ក្រៅ​ពី​នោះ លោក កឹម សុខា ក៏​បាន​លើក​ឡើង​ពី​ការ​តាំង​ចិត្ត​របស់​បក្ស​ប្រឆាំង​ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា ជា​ការ​ផ្លាស់ប្ដូរ​ដែល​លោក កឹម សុខា ថា​គ្រប់​ភាគី​អាច​ទទួល​យក​បាន។

ចំពោះ​ការ​លើក​ឡើង​របស់​លោក កឹម សុខា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា អ្វី​ដែល​លោក កឹម សុខា លើក​ឡើង​ពេល​នេះ គឺ​ស្រប​ទៅ​តាម​ខ្លឹមសារ​កិច្ច​ព្រមព្រៀង​ដែល​បក្ស​ទាំង​២ បាន​ឯកភាព​កន្លង​មក។ ប៉ុន្តែ​លោក​ថា បើ​លោក កឹម សុខា ព្រួយ​បារម្ភ​ពី​ការ​ឡើង​កម្ដៅ​នយោបាយ​នៅ​កម្ពុជា មែន​នោះ លោក កឹម សុខា ត្រូវ​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​តាម​កិច្ច​ព្រមព្រៀង​របស់​បក្ស​ទាំង​ពីរ។

​លោក សុខ ឥសាន៖ «ខ្ញុំ​យល់​ថា ការ​ដែល​មាន​បញ្ហា​បោះឆ្នោត​ទម្លាក់​គាត់​ពី​អនុ​ប្រធាន​ទី​១ ហើយ​ឯកឧត្ដម សម រង្ស៊ី ដែល​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន គឺ​ជា​ការ​អនុវត្ត​ច្បាប់ ហើយ​វា​មិន​មែន​សម្ដែង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​របស់​គណបក្ស​ដឹកនាំ​អំណាច​ចំពោះ​គណបក្ស​ប្រឆាំង​ទេ នេះ​វា​កើត​ឡើង​ជា​ផលវិបាក ពី​ទង្វើ​និង​សកម្មភាព​ល្មើស​ច្បាប់​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ»។

​តាំង​ពី​មាន​ការ​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ការ​ដក​លោក កឹម សុខា ចេញ​ពី​អនុ​ប្រធាន​ទី​១ រដ្ឋសភា ការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន និង​ការ​ដក​សមាជិកភាព​តំណាងរាស្ត្រ លោក សម រង្ស៊ី មក រដ្ឋាភិបាល​ត្រូវ​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អង្គការ​ជាតិ និង​សហគមន៍​អន្តរជាតិ ក្នុង​នោះ​មាន​តាំង​ពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សភា​សហភាព​អឺរ៉ុប សមាជិក​សភា​អាស៊ាន ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ​ជាដើម។

យ៉ាង​ណា រដ្ឋាភិបាល​កម្ពុជា ហាក់​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​រិះគន់ និង​ការ​បារម្ភ​របស់​រដ្ឋាភិបាល​បរទេស និង​អង្គការ​អន្តរជាតិ​ទាំង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​តែង​ប្រតិកម្ម​ថា ការ​រិះគន់​ទាំង​នេះ​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត ជា​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ឬ​ដោយសារ​អ្នក​ទាំង​អស់​នេះ​មិន​ដឹង​ច្បាស់​ពី​ស្ថានភាព ឬ​បរិបទ​នយោបាយ​នៅ​កម្ពុជា ជាដើម។

យ៉ាង​ណា​ក៏ដោយ សភា​សហភាព​អឺរ៉ុប នៅ​តែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង​ជួប​ចរចា​គ្នា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​តានតឹង​នេះ។

ព្រឹទ្ធ​សភា​កម្ពុជា​​ប្រតិកម្ម​តប​នឹង​ការ​រិះគន់​របស់​សភា​អឺរ៉ុប​និង​ព្រឹទ្ធ​សភា​អូស្ត្រាលី

ទាក់ទង​នឹង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ចេញ​សេចក្ដី​ថ្លែងការណ៍​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​រិះគន់​របស់​សភា​ស​ហ​ភាព​អឺរ៉ុប និង​សមាជិក​ព្រឹទ្ធ​សភា​អូស្ត្រាលី មក​លើ​ស្ថានការណ៍​នយោបាយ​តានតឹង​នៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា លោក ម៉ម ប៊ុននាង បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ ដោយ​ចាត់​ទុក​ការ​អំពាវនាវ​របស់​សភា​សហភាព​អឺរ៉ុប និង​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី ឲ្យ​រដ្ឋ​សភា​កម្ពុជា ផ្ដល់​សមាជិកភាព​តំណាងរាស្ត្រ និង​លើកលែង​ការ​ចោទ​ប្រកាន់​ចំពោះ​លោក សម រង្ស៊ី ថា​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​រំលោភ​ដល់​អធិបតេយ្យភាព​របស់​កម្ពុជា។ លោក​ថា ការ​អំពាវនាវ​នេះ​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​ប្រជាធិបតេយ្យ គោលការណ៍​នីតិរដ្ឋ និង​ជា​ការ​បង្គាប់​បញ្ជា​ដល់​រដ្ឋ​អធិបតេយ្យ​ដែល​មាន​ឯករាជ្យភាព​ពេញលេញ​ក្នុង​ការ​សម្រេច​កិច្ចការ​របស់​ប្រទេស។

លោក​ថ្លែង​ថា ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី គឺ​ជា​ចំណាត់​ការ​របស់​តុលាការ មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ។ ចំណែក​ករណី​ដក​តំណែង​លោក កឹម សុខា ពី​អនុ​ប្រធាន​ទី​១ រដ្ឋ​សភា​វិញ គឺ​ដោយសារ​លោក កឹម សុខា បាន​បំពាន​លើ​ក្រម​សីលធម៌​តំណាងរាស្ត្រ និង​រដ្ឋធម្មនុញ្ញ ដោយ​បាន​ប្រើ​តួនាទី​ជា​អនុប្រធាន​ទី​១​រដ្ឋសភា ដើម្បី​វាយ​ប្រហារ​រដ្ឋ​សភា និង​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា៕ ​

2 comments:

Anonymous said...

Yuon's slave Government,

The EU is trying to help Khmer people and Cambodia. If you are a slave who has been just executing your master Yuon's orders, this is a good opportunity for you to balk at your master Yuon.

Stop oppressing Khmer people for your master Mr. Yuon's slave government.

Anonymous said...

I really want to divide the country. Whoever want to live with Hun Sen go to live with Hun Sen. Whoever wants live with democracy counties like South Korea for example go to the western Cambodia. Divide the country.... I don't want to see his face and his evil people anymore. Hun Sen is the most boring person on earth.