A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 29 April 2016

ការ​ធ្វើ​អត្តឃាត​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ


អ្នក​ភូមិ​ក្នុង​ឃុំ​ឫស្សី​ជ្រោយ​ចូលរួម​ពិធី​បុណ្យ​សព សាន រ៉េន កាល​ពី​ពេល​កន្លង​មក។ រូបថត Erin Handley

ការ​ធ្វើ​អត្តឃាត​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ
Thu, 28 April 2016 ppp
គង់ មេត្ដា


កណ្តាលៈ គូដណ្តឹង​មួយ​គូ​គ្រោង​នឹង​រៀបការ​នៅ​ខែ​ឧសភា​ប៉ុន្តែ​ផ្ទុយ​ទៅវិញ​កញ្ញា ផៃ កាក់ អាយុ ១៨ ឆ្នាំ​បែរ​ជា​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​គូដណ្តឹង​របស់​នាង ឈ្មោះ សាន រ៉េន ទៅ​វិញ​ខណៈ​ដែល​ថ្ងៃ​រៀបការ​ជិត​មក​ដល់។

អ្នក​ភូមិ​ក្នុង​ស្រុក​មុខកំពូល​ដែល​ស្លៀកពាក់​ស​ដើម្បី​កាន់​ទុក្ខ​មាន​ទឹកមុខ​ក្រៀមក្រំ។ រ៉េន អាយុ ២១ ឆ្នាំ​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​ក​សម្លាប់​ខ្លួន​ឯង​បន្ទាប់ពី​មាន​ជំងឺ​ផ្លូវ​ចិត្ត​វង្វេង​វង្វាន់​ឃើញ​មាន​កម្លាំង​ប៉ូលិស​ជាច្រើន​មក​ឡោមព័ទ្ធ​ផ្ទះ​រក​ចាប់​ខ្លួន។

បើ​ទោះបី​ជា​តួលេខ​របស់​នគរបាល​ជាតិ​និយាយ​ថា​ការ​ធ្វើ​អត្តឃាត​ក្នុង​ប្រទេស​កម្ពុជា​កំពុង​កើន​ឡើង​ហើយ​ការ​ធ្វើ​អត្តឃាត​កើត​មាន​ស្ទើរ​រាល់​ថ្ងៃ​ដែល​ត្រូវ​ចុះ​ផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​ក្នុង​ស្រុក​ក្តី​ក៏​អ្នក​ជំនាញ​និយាយ​ថា​កត្តា​ធ្ងន់ធ្ងរ​នៅ​ពី​ក្រោយ​ការ​ធ្វើ​អត្តឃាត​ដូចជា បញ្ហា​ផ្លូវ​ចិត្ត ឬ​ជំងឺ​សតិ​អារម្មណ៍​ដទៃៗ​ទៀត​នៅ​មិន​ទាន់​ត្រូវ​បាន​រាយការណ៍​មិន​ត្រូវ​បាន​ព្យាបាល និង​មិន​ត្រូវ​បាន​គេ​ដឹង​ឲ្យ​ពិតប្រាកដ​ឡើយ​ហើយ​ប្រសិន​បើ​មិន​មាន​ការ​ទទួល​ស្គាល់​អំពី​ទំហំ​ និង​ឫសគល់​នៃ​បញ្ហា​នេះ​ នោះ​ដំណោះស្រាយ​នឹង​ពិបាក​កើតឡើង​ណាស់។

រ៉េន បាន​ហៅ​ទូរស័ព្ទ​ទៅ​ម្តាយ​របស់​ខ្លួន​ឈ្មោះ វ៉ាន់ កេញ អាយុ ៣៨ ឆ្នាំ​ពីរ​បី​នាទី​មុន​ពេល​ចង​ក​សម្លាប់​ខ្លួន។


អ្នកស្រី កេញ បាន​ថ្លែង​ថា៖ «គាត់​និយាយ​ថា៖ ម៉ែ មាន​នគរបាល​ជាច្រើន​មក​ព័ទ្ធ​ផ្ទះ​របស់​យើង​ពួកគេ​មក​ចាប់​ខ្ញុំ»។ ដោយ​ងឿង​ឆ្ងល់​អ្នកស្រី​បាន​សួរ​កូន​របស់​អ្នកស្រី​ថា​តើ​កូន​បាន​ធ្វើអ្វី​ខុស។ រ៉េន និយាយ​ថា​គ្មាន​ទេ»។ គ្រាន់​តែ ១៥ នាទី​ក្រោយ​មក​គូដណ្តឹង​របស់ រ៉េន ឈ្មោះ កាក់ បាន​ទូរស័ព្ទ​ទៅ​ប្រាប់​អ្នកស្រី កេញថា រ៉េន បាន​ចងក​សម្លាប់​ខ្លួន​ហើយ ហើយ​ក៏​គ្មាន​នគរបាល​ណា​មក​ព័ទ្ធ​ផ្ទះ​ដែរ។

នគរបាល​ជាតិ​បាន​ចាប់​ផ្តើម​កត់ត្រា​ការ​ធ្វើ​អត្តឃាត​ក្នុង​ឆ្នាំ ២០១១ ហើយ​ចំនួន​នេះ​បាន​កើនឡើង​ចាប់​តាំង​ពី​ពេល​នោះ​មក​គឺ​ពី ៥១៣ នាក់​ដល់ ៧៤៣ នាក់​កាល​ពី​ឆ្នាំ​មុន។

ទោះ​យ៉ាង​ណា​ក្តី​អ្នក​ជំនាញ​ខាង​សេវា​ជួរ​មុខ និង​វិស័យ​សុខភាព​ផ្លូវចិត្ត​មិន​អាច​បញ្ជាក់ ឬ​ផ្តល់​ហេតុផល​សម្រាប់​ការ​កើនឡើង​ខ្លាំង​នៃ​ចំនួន​អ្នក​ធ្វើ​អត្តឃាត​នេះ​ទេ។ អ្វី​ដែល​ច្បាស់​គឺ​ថា​ចំនួន​ទាំង​នេះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ទ្រង់ទ្រាយ​ពិត​នៃ​បញ្ហា​ទេ។

បើ​តាម​លោក Keith Harris អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​សាលា​ចិត្តវិទ្យា​នៃ​សាកល​វិទ្យាល័យ Queensland បាន​ឲ្យ​ដឹង​ថា​ការ​ទទួល​បាន​ទិន្នន័យ​សមស្រប​គ្រប់គ្រាន់​គឺ​សំខាន់​ណាស់​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​ធ្វើ​អត្តឃាត​ទៀត។

នៅ​ក្នុង​របាយការណ៍​ម្នាក់​មួយ​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​លោក Keith Harris បាន​វិភាគ​ទៅ​លើ​កាសែត​ខ្មែរ​ដើម្បី​ស្វែងរក​ចំនួន​ស្លាប់​ដោយសារ​ការ​ធ្វើ​អត្តឃាត​ហើយ​បន្ទាប់​មក​បាន​ធ្វើការ​គណនា​តួលេខ​ព្យាករណ៍​ដោយ​ដាក់​តួលេខ ៣,៨ ក្នុង​ចំនួន​មនុស្ស ១០ ម៉ឺន​នាក់​ក្នុង​ឆ្នាំ ២០១២ ស្មើ​នឹង​ប្រហែល ៥៦៥ នាក់​ក្នុង​មួយ​ឆ្នាំ។



របាយការណ៍​របស់​លោក​បាន​រកឃើញ​អត្រា​ស្លាប់​ដោយសារ​អត្តឃាត​របស់​បុរស​គឺ​មាន​ចំនួន​ពីរ​ដង​នៃ​ស្រ្តី​ហើយ​មាន​ចំនួន​ពីរ​ដង​ចំពោះ​មនុស្ស​ក្រោម​អាយុ ៤០ ឆ្នាំ។ ស្ថិតិ​ផ្សេង​គឺ​គ្មាន​អ្វី​សង្ស័យ​ទេ​ចំនួន​មនុស្ស​ដែល​ស្វែងរក​ការ​ជួយ​សម្រាប់​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​គឺ​មាន​ការ​កើនឡើង​ក្នុង​អត្រា​លឿន​ហើយ​សេវា​សុខភាព​ផ្លូវ​ចិត្ត​តិចតួច​របស់​កម្ពុជា​ត្រូវ​ការ​បង្កើន​ឡើង។

គ្រាន់​តែ​បន្ទាប់​ពី​បុណ្យ​សព​របស់ រ៉េន នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ក្នុង​រាជធានី​ភ្នំពេញ​មាន​មនុស្ស​ជាច្រើន​បាន​នាំ​គ្នា​រោម​មើល​នៅ​ទី​នោះ​ដោយ​ចង្អុល​ទៅ​ក្រោម​ថា​មាន​បុរស​ម្នាក់​បាន​លោត​ទឹក។ ទូក​នេសាទ​មួយ​ដែល​ឆ្លង​កាត់​ទី​នោះ​បាន​ជួយ​ស្រង់​គាត់​ចេញ​ពី​ទឹក។ នគរបាល​សង្កាត់​ស្រះចក ក្រោយ​មក​បាន​បញ្ជាក់​ថា​បុរស​អាយុ ២៨ ឆ្នាំ​រូប​នេះ​គឺ​មកពី​ខេត្ត​ត្បូងឃ្មុំ​បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត។

បុរស​រូប​នេះ​មាន​ជំងឺ​ផ្លូវចិត្ត​ហើយ​ទើប​តែ​មក​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត បន្ទាប់​ពី​គាត់​មិន​អាច​ទទួល​បាន​ការ​ព្យាបាល​សម្រាប់​ស្ថានភាព​ជំងឺ​របស់​គាត់។ ម៉ូតូ​ឌុប​បាន​ឌុប​គាត់​មក​ស្ពាន​នេះ។ គាត់​គ្មាន​លុយ​ដូច្នេះ​គាត់​បាន​ឲ្យ​ទូរស័ព្ទ​ទៅ​អ្នក​ម៉ូតូ​ឌុប​នៅ​មុន​ពេល​លោត​ទឹក​ហើយ​គាត់​ត្រូវ​បាន​ជួយ​ដោយ​ទូក​អ្នក​នេសាទ។ នេះ​បើ​តាម​នគរបាល។

បុរស​នេះ​គឺ​គ្រាន់​តែ​ជា​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​ម្នាក់​ក្នុង​ចំណោម​អ្នក​ជំងឺ​ប្រមាណ ៥០០ នាក់​ដែល​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​នៅ​ថ្ងៃ​នោះ​ហើយ​បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត ចក់ ធីតា ប្រធាន​នាយកដ្ឋាន​ចិត្តសាស្រ្ត​បាន​ឲ្យ​ដឹង​ថា​ផ្នែក​នេះ​គឺ​មាន​អ្នក​ជំងឺ​ជាច្រើន។

លោកស្រី​បាន​ថ្លែង​ថា ​ជា​រៀងរាល់​ថ្ងៃ​មន្ទីរពេទ្យ​ទទួល​អ្នក​ជំងឺ​ពី ៤០០ ទៅ ៥០០ នាក់​ហើយ​រហូត​ដល់ ៥០ ភាគរយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​គឺជា​ករណី​ថ្មី​ភាគ​ច្រើន​បំផុត​គឺ​រោគ​បាក់​ទឹកចិត្ត និង​ការ​ថប់​អារម្មណ៍។

លោកស្រី​ថ្លែង​ថា ​នោះ​គឺជា​ការ​កើនឡើង​យ៉ាង​ខ្លាំង​បើ​ប្រៀបធៀប​នឹង​ពីរ​បី​ឆ្នាំ​មុន​ដែល​កាល​នោះ​មាន​អ្នក​ជំងឺ​តែ​ពី​ ១០០ ទៅ ២០០ នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃៗ។ ប៉ុន្តែ​មន្ទីរពេទ្យ​ដែល​មាន​គ្រូពេទ្យ​ចិត្តសាស្រ្ត​តែ ១២ នាក់​នេះ​គឺជា​ការ​ខ្វះ​ធនធាន និង​ខ្វះ​ឧបករណ៍​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​អ្នក​ជំងឺ​ជាច្រើន​នេះ។

លោកស្រី ធីតា ថ្លែង​ថា៖ «វា​ជា​បន្ទុក​សម្រាប់​យើង​ពីព្រោះ​គ្រូពេទ្យ​របស់​យើង​ម្នាក់ៗ​ត្រូវ​ព្យាបាល​អ្នក​ជំងឺ​ពី ៣០ ទៅ ៤០ នាក់​ក្នុង​មួយ​ថ្ងៃ​សម្រាប់​អ្នក​ជំងឺ​ផ្លូវ​ចិត្ត»។ «នៅ​ក្នុង​ប្រទេស​ដទៃៗ​គ្រូពេទ្យ​ដូច​យើង​ព្យាបាល​អ្នក​ជំងឺ​តែ​ពី​បួន​ទៅ​ប្រាំ​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ»។ «យើង​មិន​មាន​ថ្នាំ​គ្រប់គ្រាន់​ហើយ​មិន​មាន​គ្រូពេទ្យ​គ្រប់គ្រាន់​ហើយ​មិន​មាន​ពេល​វេលា​ព្យាបាល​ពួកគេ​ឲ្យ​ដិត​ដល់​ទេ»។

មាន​តែ​រាជធានី ខេត្ត ៦ ប៉ុណ្ណោះ​ក្នុង​ចំណោម​ខេត្ត​រាជធានី​ចំនួន ២៥ ក្នុង​ប្រទេស​កម្ពុជា​មាន​គ្រូពេទ្យ​ផ្លូវចិត្ត​ម្នាក់​នៅ​មន្ទីរពេទ្យ​បង្អែក​រួម​មាន​ភ្នំពេញ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ចាម និង​កំពង់ធំ។

គូ​ដណ្តឹង​របស់​លោក រ៉េន ឈ្មោះ កាក់ បាន​និយាយ​ថា​នេះ​មិនមែន​ជា​លើក​ដំបូង​ទេ​ដែល​គាត់​គិត​អំពី​ការ​ធ្វើ​អត្តឃាត​នោះ។ កម្មការិនី​កាត់ដេរ​រូប​នេះ​បាន​និយាយ​ថា​ រ៉េន បាន​ព្យាយាម​បញ្ចប់​ជីវិត​របស់​ខ្លួន​ពីរ ឬ​បី​ដង​មក​ហើយ​ចាប់​តាំង​ពី​ពេល​ពួកគេ​បាន​ចាប់​ផ្តើម​រស់នៅ​ជាមួយ​គ្នា​កាលពី​ខែ​ធ្នូ។ នាង​បញ្ជាក់​ថា៖ «គាត់​បាន​ព្យាយាម​ធ្វើ​អត្តឃាត​ពីរ​បី​ដង​ប៉ុន្តែ​ម្តាយ​ខ្ញុំ​ហើយ​ខ្ញុំ​អាច​បញ្ឈប់​គាត់​បាន​ទាន់​ពេល»។

ក្នុង​ភូមិ​របស់​ពួកគេ​ក្នុង​ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខ​កំពូល ខេត្តកណ្តាល នាង​មិន​ច្បាស់​ពី​កន្លែង​ដែល​នាង​ត្រូវ​ទៅ​ដើម្បី​រក​ជំនួយ​ដោះស្រាយ​គំនិត​ចង់​ធ្វើ​អត្តឃាត​នោះ​ទេ​ហើយ​បែរ​ជា​ទៅ​រក​វត្ត​ក្នុង​ស្រុក​វិញ។

នាង​បាន​លើក​ឡើង​ថា៖ «ខ្ញុំ​បាន​នាំ​គាត់​ទៅ​រក​ព្រះសង្ឃ​ស្រោច​ទឹក។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ទៅ​រក​ជំនួយ​ពី​កន្លែង​ណា​ទេ​ចំពោះ​រោគ​សញ្ញា​បែប​នេះ​ខ្ញុំ​មិន​ដែល​បាន​គិត​ពី​មន្ទីរពេទ្យ​ណា​មួយ​ទេ»។

បើ​ទោះ​បី​ជា​កូន​របស់​លោក​បាន​ប៉ុនប៉ង​ចង់​សម្លាប់​ខ្លួន​ជាច្រើន​លើក​រួច​មក​ហើយ​ក៏ដោយ​ក៏​ឪពុក​របស់​លោក រ៉េន ឈ្មោះ សាន សារ៉ា អាយុ ៤៤ ឆ្នាំ បាន​អះអាង​ថា​កូន​របស់​លោក​មិន​មាន​បញ្ហា​ផ្លូវ​ចិត្ត​ទេ។

លោក​ រ៉ា បញ្ជាក់​ថា៖ «កូនប្រុស​របស់​ខ្ញុំ​មិន​ដែល​ឈឺ ឬ​ប្រើប្រាស់​ថ្នាំ​ណា​មួយ​ទេ។ ចាប់​តាំងពី​កើត​មក​កូន​ខ្ញុំ​ជា​មនុស្ស​ខ្លាំង​ហើយ​ខិតខំ​ធ្វើការ​ណាស់»។

ចំពោះ​ឪពុក​ម្តាយ​របស់ រ៉េន ការ​រវើរវាយ​ឃើញ​នគរបាល​មក​ព័ទ្ធ​ជុំវិញ​ផ្ទះ​មិនមែន​ជា​សញ្ញា​នៃ​ជំងឺ​ផ្លូវចិត្ត​នោះ​ទេ​តែ​ជា​ការ​ដឹង​ហេតុ​មុន​អំពី​អ្វី​ដែល​នឹង​កើតឡើង។ ពួកគេ​បាន​ថ្លែង​ថា​វា​ជា​ការ​មើល​ឃើញ​ពី «វិញ្ញាណ​អាក្រក់» ប្រហែល​ជា​ការ​មើល​ឃើញ​តែ​មួយ​ដែល​បាន​បង្ខំ​ចិត្ត​គាត់​ឲ្យ​ផ្តាច់​ជីវិត​របស់​ខ្លួន។ កាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នោះ​គឺ​លោក រ៉ា យល់​ឃើញ​ថា​ក្មេង​ទំនង​ជា​គំរាម​ធ្វើ​អត្តឃាត​ខ្លួន​ជា​លេស​ដើម្បី​ទាមទារ​អ្វី​មួយ។

លោក​បន្ត​ថា៖ «មាន​តែ​ពួកគេ​ចង់​បាន​អ្វី​មួយ​ហើយ​ពួកគេ​មាន​ការ​ភ័យខ្លាច​ឪពុកម្តាយ​របស់​ពួកគេ​នឹង​មិន​ឱ្យ​ខ្លួន​ដូច្នេះ​ពួកគេ​បាន​និយាយ​ថា​ពួកគេ​នឹង​ធ្វើ​អត្តឃាត»។

បច្ចុប្បន្ន​កម្ពុជា​មិន​មាន​ផែនការ​បង្ការ​ការ​ធ្វើ​អត្តឃាត​ទេ​ហើយ​បើ​យោង​តាម​លោក​វេជ្ជបណ្ឌិត ឈិត សុផល ប្រធាន​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត និង​បញ្ហា​ញៀន​ថ្នាំ​នៃ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​រាយការណ៍​អំពី​ការ​ធ្វើ​អត្តឃាត​ជា​រឿង​មិន​សូវ​សំខាន់​លទ្ធផល​នៃ​ស្នេហា​ត្រីកោណ ឬ​បំណង​ប្រថ្នា​ដែល​គេ​មិន​បំពេញ​ត្រូវ​បាន​គេ​យល់​ច្រឡំ​ថា​ជា​មូលហេតុ​បណ្តាល​ឲ្យ​មាន​ករណី​ធ្វើ​អត្តឃាត។

លោក​បាន​ថ្លែង​ថា៖ «ប្រជាជន​កម្ពុជា​មិន​ច្រើន​ទេ​ដែល​យល់​ថា​ការ​ធ្វើ​អត្តឃាត​នេះ​គឺជា​បញ្ហា​សុខភាព​សាធារណៈ ឬ​បញ្ហា​សុខភាព​ផ្លូវចិត្ត។ ដូច្នេះ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ការ​ធ្វើ​អត្តឃាត​ក្នុង​ចំណោម​ប្រជាជន​ទូទៅ និង​ការ​រៀបចំ​ផ្តល់​សេវា​គាំពារ​មាន​សារៈសំខាន់​ណាស់»។

លោក​វេជ្ជបណ្ឌិត សុផល បាន​លើក​ឡើង​ថា​ភាព​តានតឹង​ក្នុង​ចិត្ត​ដែល​ធ្ងន់ធ្ងរ​ឡើង​ទៅ​ជា​វិបត្តិ​ផ្លូវ​ចិត្ត​ ជម្លោះ​គ្រួសារ​បញ្ហា​សង្គម និង​សេព​សារធាតុ​ញៀន​គឺជា​មូលហេតុ​ឫសគល់​នៃ​ការ​ធ្វើ​អត្តឃាត​ខណៈ​ដែល​ករណី​មិន​ល្អ​មួយ ឬ​បញ្ហា​មួយ​កើតឡើង​អាច​ក្លាយ​ជា​កត្តា​ជំរុញ​ឲ្យ​ទៅ​ធ្វើ​អត្តឃាត។

លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយក​ប្រតិបត្តិ​នៃ​អង្គការ​មិត្ត​សង្គម​អន្តរ​វប្បធម៌​បាន​យល់​ស្រប​ថា​ការ​ធ្វើ​អត្តឃាត​មិន​តែងតែ​ជា​លទ្ធផល​នៃ​ជំងឺ​ផ្លូវចិត្ត​ទេ​ពេល​ខ្លះ​វា​អាច​បណ្តាល​មកពី​ភាព​តានតឹង​ក្នុង​អារម្មណ៍​ដែល​យក​ឈ្នះ​លើ​សមត្ថភាព​របស់​បុគ្គល​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​ការ​បាត់បង់។

លោក​បាន​ពន្យល់​ប្រាប់​អ្នក​ជំងឺ​ថា ​ការ​បាក់​ទឹកចិត្ត​របស់​អ្នក​ជំងឺ​ត្រូវ​ការ​ពេលវេលា​ដើម្បី​ជា​ឡើង​វិញ​ប៉ុន្តែ​មនុស្ស​ច្រើន​នាក់​ដូចជា​នាង​កាក់​នៅ​តែ​ជឿជាក់​ថា​គ្រូខ្មែរ​បុរាណ​នៅ​តែ​ជា​ដំណោះស្រាយ​ល្អបំ​ផុត។

លោក​បាន​លើក​ឡើង​ថា​ខ្សែ​ទូរស័ព្ទ បង្ការ​ការ​ធ្វើ​អត្តឃាត​អាច​ធ្វើការ​ផ្លាស់ប្តូរ។

លោក​ថ្លែង​ថា៖ «ពួក​គេ​ចង់​ឱ្យ​នរណា​ម្នាក់​និយាយ​ជាមួយ​ខ្លួន។ ពេល​ខ្លះ​ពួកគេ​មិន​ត្រូវការ​ថ្នាំ​ទេ​តែ​ត្រូវការ​មនុស្ស​ណា​ម្នាក់​ដែល​មាន​ពេលវេលា​សម្រាប់​ជជែក​ជាមួយ​ពួកគេ»។

លោក​បាន​ថ្លែង​ថា​មាន​សារៈសំខាន់​ណាស់​ត្រូវ​បណ្តុះ​បណ្តាល​សមាជិក​សហគមន៍​ឲ្យ​ផ្តល់​ជំនួយ​បឋម​ចំពោះ​ជំងឺ​ផ្លូវចិត្ត​ដោយ​ផ្តល់​ជំនាញ​ដល់​ពួកគេ​ក្នុង​ការ​រកឃើញ​នូវ​បញ្ហា​ហើយ​បញ្ជូន​ទៅ​អ្នក​ជំនាញ។

លោក​បាន​លើក​ឡើង​ថា ​ជា​ជាង​ព្យាបាល​មនុស្ស​ដែល​ចង់​ធ្វើ​អត្តឃាត «ដូច​ជនល្មើស» នគរបាល​គួរ​តែ​ត្រូវ​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ឲ្យ​ចេះ​និយាយ​ទៅ​កាន់​អ្នក​ទាំងឡាយ​ដែល​ឈរ​លើ​គែម​ស្ពាន។ «ជា​ជាង​ភ្ជង់​កាំភ្លើង​ដាក់​ពួកគេ​នគរបាល​គួរ​តែ​និយាយ​ទៅ​កាន់​ពួកគេ​យល់​ដឹង​ពី​ចិត្ត​ពួកគេ និង​ណែនាំ​ពួកគេ»។

លោក​វេជ្ជបណ្ឌិត សុផល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ការ​បង្ការ​ការ​ធ្វើ​អត្តឃាត​នឹង​ត្រូវ​បាន «ចាត់​ទុក​ថា» ជា​ចំណុច​សំខាន់​ក្នុង​ផែនការ​យុទ្ធសាស្រ្ត​ដើម្បី​សុខភាព​ផ្លូវ​ចិត្ត និង​ការ​សេព​សារធាតុ​គ្រឿង​ញៀន​ឆ្នាំ ២០១៧‑២០២០ ហើយ​ខណៈ​ដែល​លោក​សង្ឃឹម​ថា​ករណី​អត្តឃាត​នឹង​ត្រូវ​បាន​កត់ត្រា​ទុក​នៅ​មណ្ឌល​សុខភាព «នា​ពេល​ខាង​មុខ» ចំណុច​នេះ​គ្រាន់​តែ​ជា​អាទិភាព​មួយ​ដែល​មាន​ធនធាន​តិចតួច។

លោក​ថ្លែង​ថា៖ «រដ្ឋាភិបាល (ក្រសួង​សុខាភិបាល) បាន​ទទួល​ស្គាល់​ថា​ការ​ធ្វើ​អត្តឃាត​នេះ​គឺជា​បញ្ហា​សុខភាព​សាធារណៈ​ហើយ​នឹង​ចាត់​វិធានការ​ដើម្បី​បង្ការ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ជាមួយ​នឹង​ធនធាន​ និង​សមត្ថភាព​មាន​កម្រិត»។

លោក​បន្ត​ទៀត​ថា៖ «វា​គឺជា​វិធីសាស្រ្ត​ដែល​ផ្អែក​លើ​ធនធាន​មិនមែន​ជា [វិធី​សាស្រ្ត] ដែល​ផ្អែក​លើ​តម្រូវការ​ទេ»។

ទោះ​យ៉ាង​ណា​លោក រ៉ា បាន​ឱ្យ​ដឹង​ថា​ស្រប​តាម​ជំនឿ​ព្រះពុទ្ធ​សាសនា​កូន​ប្រុស​របស់​លោក​បាន​ស្លាប់​ដោយសារ​តែ​វា​ជា​ពេល​ដែល​គាត់​ត្រូវ​ស្លាប់។

លោក រ៉ា បាន​ថ្លែង​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​បាន​ឮ​ពី​ការ​ធ្វើ​អត្តឃាត​ខ្ញុំ​គ្មាន​អី​និយាយ​ទេ។ នៅ​ពេល​ដែល​គេ​ប្រាប់​ខ្ញុំ​ថា​កូនប្រុស​របស់​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​អត្តឃាត​ពីរ​បី​ដង​ពី​មុន​មក​ខ្ញុំ​មិន​ជឿ​ពួកគេ​ទេ​ព្រោះ​គ្រប់​គ្នា​ខំ​រស់​គ្មាន​អ្នក​ណា​ចង់​ស្លាប់​ទេ»៕ PS/TK

Erin Handley

No comments: