ស្រុកសង្កែ៖ ឈ្មួញនឹងថ្លឹងស្រូវនៅកន្លែងតវ៉ា ខណៈចរាចរណ៍ដំណើរការធម្មតាវិញ
ស្រុកសង្កែ៖ ឈ្មួញនឹងថ្លឹងស្រូវនៅកន្លែងតវ៉ា ខណៈចរាចរណ៍ដំណើរការធម្មតាវិញ
និពន្ធដោយ : ខន ចំប៉ា September-18-2016, 12:53 pm/Thmey Thmey
រូបភាពពី៖ ទំព័រហ្វេសប៊ុក ABC Cambodia Family
រូបភាពពី៖ ទំព័រហ្វេសប៊ុក ABC Cambodia Family
ចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ បានដំណើរការធម្មតាវិញ បន្ទាប់ពីអាជ្ញាធរដែលដឹកនាំដោយលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានដោះស្រាយជាមួយប្រជាពលរដ្ឋរួចរាល់ហើយនោះ។
លោក ស៊ុន សុវណ្ណ អធិការស្រុកសង្កែ ប្រាប់សារព័ត៌មានថ្មីៗថា៖«យើងដោះស្រាយរួចហើយ ដោយខាងធនាគារស្រូវ មកថ្លឹងស្រូវរបស់ពួកគាត់ដល់កន្លែងនេះតែម្តង ក្នុងតម្លៃដែលបានសន្យា។ ហើយពលរដ្ឋដឹកស្រូវមកប៉ុន្មាន ខាងឈ្មួញនឹងថ្លឹងយកទាំងអស់។ ដូច្នេះបញ្ហាដោះស្រាយរួចហើយ»។ បើតាម លោក ស៊ុន សុវណ្ណ ភាគីធនាគារស្រូវសន្យាទិញពីប្រជាពលរដ្ឋ គឺតម្លៃ ៨៤ម៉ឺនរៀល ក្នុងមួយតោន។
នៅម៉ោងប្រមាណ១០កន្លះព្រឹក ថ្ងៃទី១៨ ខែកញ្ញានេះ កសិករប្រមាណ៥០០នាក់ បានទម្លាក់ស្រូវពីគោយន្តបិទផ្លូវតវ៉ាកំណាត់ផ្លូវជាតិលេខ៥ ចំណុចសាលាឃុំកំពង់ព្រៀង។ នេះបើតាម លោក ស៊ុន សុវណ្ណ អធិការស្រុកសង្កែ។ មូលហេតុ គឺព្រោះខឹងនឹង ភាគីធនាគារស្រូវ ដែលបានផ្អាកទិញស្រូវរបស់ពួកគាត់។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក អធិការ ស៊ុន សុវណ្ណ ដែលបានលើកពីមូលហេតុដែលខាងធនាគារស្រូវផ្អាកទិញស្រូវថា មកពី ម៉ាស៊ីនសម្ងួតស្រូវរបស់ពួកគេ សម្ងួតមិនទាន់។
សូមបញ្ជាក់ថា ដើម្បីសង្គ្រោះតម្លៃស្រូវ ដែលបន្តថ្លាក់ថ្លៃ រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១៦ ខែកញ្ញា បានសម្រេចបញ្ចេញកញ្ចប់ថវិកា ២៧លានដុល្លារ ដែលក្នុងនោះ ទុនបម្រុងរបស់ខ្លួនចំនួន ២០លានដុល្លារ និងទុនពីធនាគារអភិវឌ្ឍន៍ជនបទ(RDB) ចំនួន ៧លានដុល្លារ ដើម្បីជាកម្ចីដល់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីកសិករ៕
No comments:
Post a Comment